ដោយៈ វុត្ថា
ភ្នំពេញៈ គិតត្រឹមដើមឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍បានប្រគល់ឡាប៊ែលសុវត្ថិភាពទេសចរណ៍ សម្រេចបានប្រមាណ៤០ភាគរយ នៃមូលដ្ឋានអាជីវកម្មទេសចរណ៍សរុបនៅទូទាំងប្រទេស ដើម្បីផ្តល់សុវត្ថិភាព និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចជាតិ និងអន្តរជាតិ។
លោកតុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា គិតរហូតមកដល់ពេលនេះ ក្រសួងបានផ្តល់ឡាប៊ែលសុវត្ថិភាពទេសចរណ៍សម្រេចបានប្រមាណ៤០ភាគរយ នៃមូលដ្ឋានអាជីវកម្មសរុបនៅទូទាំងប្រទេស ដែលអនុវត្តន៍បានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។
លោកបន្តថា “ដើម្បីសម្រេចបានឱ្យបាន១០០ភាគរយ នាពេលខាងមុខនេះ ក្រសួង បានសម្រេចបង្កើតអនុក្រុមការងារថ្មីមានចំនួន១២ក្រុម ដើម្បីចុះទៅពិនិត្យតាមដាននូវវិធានការសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ នៃខេត្តនីមួយៗនៅទូទាំងប្រទេស ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩” ។
លោកបន្តថា កន្លងមកនេះក្រសួងមានតែ៤ក្រុមប៉ុណ្ណោះ មិនអាចធ្វើគ្រប់ឬចុះទៅពិនិត្យ តាមដាននូវវិធានការសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍នៃខេត្តនីមួយៗ នៅទូទាំងប្រទេស ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាល នូវជំងឺកូវីដ១៩ ។លោកបញ្ជាក់ថា យើងចុះណែនាំទៅដល់មន្ទីរទេសចរណ៍ និងសហការជាមួយរដ្ឋបាលរាជធានីខេត្ត យើងបញ្ជ្រាបដល់ប្រតិបត្តិករអាជីវករត្រូវធ្វើយ៉ាងមិច ដើម្បីទទួលបាននូវឡាប៊ែលសុវត្ថិភាពទេសចរណ៍ហ្នឹង។
លោកបានបន្យល់ថា “មូលដ្ឋានអាជីវកម្មណា ដែលទទួលបាននូវឡាប៊ែលសុវត្ថិភាពទេសចរណ៍នេះ គឺជាកន្លែងដែលមានសុវត្ថិភាព ដែលបានអនុវត្តតាមគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍បានត្រឹមត្រូវ។ លោកបន្តថា “នៅពេលដែលមូលដ្ឋានអាជីវកម្មបានអនុវត្តបានត្រឹមត្រូវ និងទទួលបានទំនុកចិត្តពីភ្ញៀវទេសចរ តែយ៉ាងណាក៏ដោយ លោកមិនបានដឹងពីចំនួនមូលដ្ឋានទេសចរណ៍ពិតប្រកដនោះទេដោយមិនមានឯកសារនៅក្នុងដៃ” ។
ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា លោក ហូ វណ្ឌីបានមានប្រសាសន៍ថា “ជាទ ស្សនៈរបស់ថ្នាក់ដឹកនាំយើងឃើញហើយថា ប្រសិនបើក្រុមការងារណាមួយអសកម្ម ឬលទ្ធផលនៃការងារ មិនទទួលបាននូវភាពរលូន គឺតែងតែមានការផ្លាស់ប្ដូរជាធម្មតា។ លោកបន្តថា “ប្រសិនបើយើងដាក់មនុស្សឱ្យត្រូវនឹងតួនាទី ប្រគល់ការងារឱ្យត្រូវនឹងជំនាញ និងមានការទទួលខុសត្រូវ វាអាចឱ្យការងារទាំងអស់ដើររលូនទៅមុខ ហើយអាចជួយជំរុញឱ្យទទួលបានលទ្ធផលកាន់តែល្អ” ។
លោកបន្តថា ពាក់ព័ន្ធទៅនឹងការបង្កើនក្រុមពី៤ឡើងទៅដល់១២ គឺសុទ្ធតែស្ថិតនៅក្នុងគោលដៅរួមចម្បងតែមួយ នៅពេលដែលមានមនុស្សធ្វើការកាន់តែច្រើន នោះលទ្ធផល នៃការងារក្នុងអត្រាល្អអាចនឹងទទួលបានច្រើន និងក្នុងរយៈពេលខ្លី ប៉ុន្តែលោក គិតថា ការទទួលបានលទ្ធផលជាក់ស្ដែង អាចប្រព្រឹត្តបានយ៉ាងណានោះ នៅមិនទាន់អាចសន្មត់បាននោះទេ ពោលគឺយើងនៅរង់ចាំពិនិត្យបន្តិចទៀតទាំងអស់គ្នា តែយ៉ាងណាយើងសង្ឃឹមថាវានឹងល្អទៅចុះ៕