ដោយ ៖ រ៉ាណេត
តាកែវ ៖ នៅពេលដ៏ខ្លីខាងមុខនេះ វត្តមាននៃស្ពានអាកាសថ្មើរជើងឆ្លងកាត់បណ្តាផ្លូវជាតិនានានឹងមានការសាងសង់កាន់តែច្រើនបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹងជញ្ជូន បានអះអាង និងបញ្ជាក់ពីគម្រោងនៃការសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៣ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការសាងសង់ត្រង់ចំណុចផ្សារត្រាំខ្នារ ខេត្តតាកែវព្រំប្រទល់ខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់គ្រោះថ្នាក់ជាយថាហេតុនៅពេលឆ្លងផ្លូវ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះថា ក្រោមការយល់ស្រប និងអនុញ្ញាតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ទៅលើការយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកដំណើរ ជាពិសេសសិស្សសាលាដែលតែងឆ្លងកាត់ផ្លូវថ្នល់ដែលមានទំហំរហូតដល់៤គន្លងនៅចំណុចទីប្រជុំជនផ្សារត្រាំខ្នារព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ស្ពានអាកាសថ្មើរជើងនៅតំបន់នេះនឹងត្រូវសាងសង់ជាចាំបាច់។
លោកទេសរដ្ឋមន្ត្រីបានបន្ដថា “មានអ្នកខ្លះបានផ្តល់យោបល់ថា ការសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្សារត្រាំខ្នារនឹងធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពផ្សារ ប៉ុន្តែអ្វីដែលសំខាន់គឺយើងគិតពីសុវត្ថិភាពរបស់អ្នកដំណើរ ជាពិសេសសិស្សសាលាដែលតែងឆ្លងផ្លូវនៅតំបន់នេះ។ ផ្លូវធំដែលមានរហូតដល់៤គន្លង នៅពេលឆ្លងផ្លូវតើអាចនឹងមានគ្រោះថ្នាក់អ្វីកើតឡើង យើងមិនអាចសន្មត់បាននោះទេ ប៉ុន្តែដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុនៅពេលឆ្លងថ្នល់ គឺត្រូវតែមានស្ពានអាកាសថ្មើរជើងដែលអាចធានាបាននូវសុវត្ថិភាព”។
គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៣ ដែលមានទំហំធំ រហូតដល់ដល់៤គន្លង ស្ថិតនៅចំណុចផ្សារត្រាំខ្នារថ្មី ស្រុកត្រាំខ្នារ ខេត្តតាកែវ ជាព្រំប្រទល់ជាមួយនឹងស្រុកគង់ពិសី ខេត្តកំពង់ស្ពឺដែលកំពុងមានការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនទីតាំងក្រោមការវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជា។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា “គម្រោងសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានសិក្សាលម្អិតជាមួយក្រុមមន្ត្រីជំនាញបច្ចេកទេសរួចរាល់ហើយ ហើយពាក់ព័ន្ធទៅនឹងពេលវេលាបើកការដ្ឋានសាងសង់ គឺអាស្រ័យលើមន្ត្រីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនម៉ៅការសាងសង់”។
លោកបានបញ្ជាក់ទៀតថា “គ្រប់គម្រោងសាងសង់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល គឺសុទ្ធតែក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ និងអ្នកធ្វើដំណើរទាំងអស់ ហើយការអភិវឌ្ឍនេះនឹងនៅតែបន្តដំណើរទៅមុខជាបន្តបន្ទាប់ទៀតស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ”៕






