ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ គម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ចាប់ពីរង្វង់មូលចោមចៅរហូតដល់ខេត្តកំពត ប្រវែង១៣៤គីឡូម៉ែត្រ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលប្រមាណ៩០ភាគរយ នឹងអាចបញ្ចប់ទាំងស្រុងនៅត្រឹមខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ មុនកាលកំណត់១ឆ្នាំ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ការរួចរាល់មុនគម្រោងនេះ គឺបានឆ្លងកាត់ការត្រួតពិនិត្យរបស់មន្ត្រីជំនាញគ្រប់ដំណាក់កាលសាងសង់ទាំងអស់ និងបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា “ដើម្បីបញ្ជៀសឱ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការបើកបរបត់ត្រឡប់ក្រោយនៅលើផ្លូវជាតិលេខ៣នេះ នឹងក្រោយពីការស្នើរបស់ក្រសួងក្រុមហ៊ុនសាងសង់ក៏បានសម្រេចជួយសាងសង់ផ្លូវត្រឡប់ក្រោយចំនួន៥កន្លែង នៅលើផ្លូវជាតិលខ៣នេះផងដែរ”។
ការពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) លើកំណាត់ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិនជាង ២០០លានដុល្លារអាមេរិក។
គម្រោងនេះចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែងជិត៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ៕






