ចិន ព្រមាននឹងសងសឹក បើបណ្ដាក្រុមហ៊ុនទូរគមនាគន៍ចិន ត្រូវបានលុបចេញពីបញ្ជីផ្សារហ៊ុនអាមេរិក

0

ដោយៈ សុខុម

សៀងហៃ: ក្រសួងពាណិជ្ជកម្មចិន បានប្រកាសក្ដែងៗកាលពីថ្ងៃសៅរ៍ ទី០២ មករា ដើមឆ្នាំ២០២១ នេះថា ប្រទេសចិន នឹងចាត់ “វិធានការចាំបាច់នានា” ដើម្បីការពារផលប្រយោជន៍របស់បណ្ដាក្រុមហ៊ុនចិន បន្ទាប់ពីផ្សារភាគហ៊ុនអាមេរិក New York Stock Exchange ហៅកាត់ NYSE ប្រកាសថា ខ្លួននឹងចាប់ផ្ដើមដំណើរការលុបក្រុមហ៊ុនទូរគមនាគមន៍ចិន ចំនួន ៣ ដែលរងការចោទប្រកាន់ថាមានទំនាក់ទំនងនឹងយោធាចិន ចេញពីបញ្ជីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី០២ មករា ឆ្នាំ២០២១។

ផ្សារភាគហ៊ុន New York Stock Exchange បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូ ចុងឆ្នាំ២០២០ ថា ខ្លួននឹងចាប់ផ្ដើមដំណើរការលុបក្រុមហ៊ុនទូរគមនាគមន៍ចិន ចំនួន ៣ រួមមានក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom និងក្រុមហ៊ុន China Telecom ចេញពីបញ្ជីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការរារាំងការវិនិយោគរបស់អាមេរិក ទៅលើបណ្ដាក្រុមហ៊ុនដែលកាន់កាប់ ឬគ្រប់គ្រងដោយយោធាចិន។

ការជួញដូររបស់ក្រុមហ៊ុនចិន ទាំងនេះនឹងត្រូវផ្អាកនៅពេលណាមួយចន្លោះពីថ្ងៃ មករា ដល់ថ្ងៃទី១១ មករា។

ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសថា ការលុបក្រុមហ៊ុនចិន ចេញពីបញ្ជីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក គឺជាការរំលោភបំពានដល់សន្តិសុខជាតិ និងមិនស្របទៅតាមច្បាប់ទីផ្សារ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន និយាយថា “ចិន ប្រឆាំងដាច់ខាតចំពោះអាមេរិក ដែលបំពានដល់សន្តិសុខជាតិតាមរយៈការដាក់បញ្ចូលបណ្ដាក្រុមហ៊ុនចិន ទៅក្នុងអ្វីដែលគេហៅថា ‘ក្រុមហ៊ុនយោធារបស់ចិន កុម្មុយនីស្ត’ ហើយចិន នឹងចាត់វិធានការតបតចាំបាច់នានាដើម្បីការពារដាច់ខាតនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បណ្ដាក្រុមហ៊ុនចិន”។

វិធានការតបតទាំងនោះក៏នឹងធ្វើឱ្យ “គ្រប់ភាគីពាក់ព័ន្ធទាំងអស់បាត់បង់ទំនុកចិត្តខ្លាំងទៅលើទីផ្សារមូលធនរបស់សហរដ្ឋអាមេរិក” ផងដែរ។ ទោះជាយ៉ាងណា ក្រសួងពាណិជ្ជកម្មចិន មិនបានផ្តល់ព័ត៌មានលម្អិតថា តើវិធានការទាំងនោះជាអ្វីឱ្យប្រាកដឡើយ។

គេមើលឃើញថា ក្រោមរដ្ឋការរបស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក បានបង្កើនទណ្ឌកម្មសេដ្ឋកិច្ច និងបម្រាមធ្វើដំណើរប្រឆាំងបណ្ដាក្រុមហ៊ុនចិន ក្រុមមន្ត្រីរដ្ឋាភិបាលចិន និងសមាជិកបក្សកុម្មុយនីស្តចិន ជាពិសេសក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនៃការកាន់អំណាចរបស់លោក ត្រាំ។

ហើយកាលពីខែធ្នូ ចុងឆ្នាំ២០២០ សហរដ្ឋអាមេរិក បានប្រកាសផែនការកំណត់ទិដ្ឋាការសម្រាប់សមាជិកនៃបក្សកុម្មុយនីស្តចិន និងក្រុមគ្រួសាររបស់ពួកគេមកនៅត្រឹមរយៈពេលតែ ១ ខែជំនួសឱ្យរយៈពេល ១០ ឆ្នាំ។

លើសពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei ត្រូវបានធាក់ចេញពីទីផ្សារសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិក ថែមទាំងបានឡប់ប៊ី (បញ្ចុះបញ្ចូល) ឱ្យប្រទេសផ្សេងៗធ្វើតាមខ្លួនទៀតផង ហើយទទួលបានលទ្ធផលចម្រុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here