រដ្ឋាភិបាលគ្រោងដាក់ឱ្យអនុវត្តន៍ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ពេញ លេញនៅចុងត្រីមាសទី១

0

ដោយ:គង់ សូរិយា

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា នឹងដាក់ឱ្យអនុវត្តពេញលេញនៅខែមីនាខាងមុខ ខណៈដែលបច្ចុប្បន្ន ច្បាប់នេះស្ថិតក្នុងការរៀបចំបន្ថែមពីអន្តរក្រសួង។

លោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យ​ដឹងនាថ្ងៃទី៤ មករានេះថា“ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នេះ ពួកយើងរងចាំប្រកាសពិន័យអន្តរកាល ដែលក្រសួងពាក់ព័ន្ធបានប្រជុំជជែកគ្នាហើយ ប្រហែលអាចចប់នៅដើមខែមករានេះ។

លោកបន្តថា “យើងនៅមានប្រកាស២ទៀត ដែលគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ នឹងសម្រេចនៅថ្ងៃទី១៣ ខែមករា ហើយនឹងមានប្រកាសផ្សេងៗទៀត ដូច្នេះការអនុវត្តន៍ពេញលេញយើងនឹងចាប់ផ្តើមនៅខែមីនា ដោយស្ថិតក្នុងកសាងឯកសារគតិយុត្តនៅក្រោមច្បាប់បណ្តើរៗ ផែនការសកម្មភាព ឯកសារគតិយុត្តក្រោម គឺរយះពេលក្នុងឆ្នាំ២០២១នឹងត្រូវមានទាំងអស់”។

ទាក់ទងនឹងពាក្យបណ្តឹងនានាពីសាធារណៈជននាពេលកន្លងមក លោកផាន អូនបានឱ្យដឹងថា មិនទាន់មានតួលេខទេ គ្រាន់តែដឹងថាមានពាក្យបណ្តឹងទាំងតូច និងធំ ដែលភាគច្រើនទាក់ទងម្សៅទឹកដោះគោ និងបណ្តឹងតូចៗផ្សេងទៀតទាក់ទងខូស្មិចទិច និងបណ្តឹងស្ថានីយប្រេងឥន្ធនៈមួយចំនួន។ ក្រៅពីនេះ អគ្គនាយកដ្ឋានមានចាត់វិធានការដាក់បណ្តឹងខ្លួនឯង ចំពោះអ្នកធ្វើធុរកិច្ចណាដែលមិនសុច្ចរិត និងការអនុវត្តន៍ធុរកិច្ចមិនសុច្ចរិតតែម្តងផងដែរ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានលើកឡើងកាលពីពេលកន្លងមកថា ដោយសារប្រព័ន្ធ និងគោលនយោបាយ ក្នុងកិច្ចការពារអ្នកប្រើប្រាស់របស់កម្ពុជាមានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបទៅនឹងប្រទេសក្នុងតំបន់ ដូច្នេះហើយទើបតម្រូវឱ្យមានការងារចំពោះមុខជាច្រើនត្រូវធ្វើ បូករួមទាំងការបំពេញនូវសេចក្តីត្រូវផ្សេងៗទៀត។

ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឲ្យប្រើប្រាស់ដាក់ឱ្យអនុវត្តន នាខែវិចិ្ឆកា ឆ្នាំ២០១៩កន្លងទៅ ក្នុងនោះមាត្រា៥ បានចែងអំពីការបង្កើតនូវគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់នេះឡើង។ តាមរយៈអាណត្តិ ដែលត្រូវបានផ្តល់ឱ្យដោយច្បាប់ អនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ក៏ត្រូវទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលផងដែរ ហើយសមាសភាពនៃគណៈកម្មាធិការជាតិ តំណាងមកពីក្រសួង ស្ថាប័នចំនួន១២រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here