ដោយគង់ សូរិយា
ភ្នំពេញៈ សកម្មភាពនៃការអភិវឌ្ឍន៍៍លើកោះតេជោមរតក(កោះពស់) នៅក្នុងក្រុងព្រះសីហនុ បានចាប់ផ្តើមសកម្មភាពឡើងវិញហើយ ដោយបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៣កំពុងដំណើរការអភិវឌ្ឍន៍។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី៤ មករានេះថា បច្ចុប្បន្នក្រុមហ៊ុនKoh Pous Investment Groupដែលជាក្រុមហ៊ុនរបស់រុស្ស៊ី បានចែកកោះនេះទៅក្រុមហ៊ុនក្នុងស្រុកចំនួនពីរ ដើម្បីអភិវឌ្ឍន៍កោះនេះ ហើយបច្ចុប្បន្នក្រុមហ៊ុនទាំងបី កំពុងសាងសង់វីឡា រមណីយដ្ឋាន និងរៀបចំឆ្នេរខ្សាច់នៅលើកោះនេះឲ្យកាន់តែមានភាពស្រស់ស្អាត។
លោកបន្តថា “កោះនេះមានទំហំ១១៦ហិកតា មានសកម្មភាពអភិវឌ្ឈន៍វិញហើយ ប៉ុន្តែស្ពានតភ្ជាប់ពីដីគោក ទៅកាន់កោះនេះមិនទាន់ឲ្យមានអ្នកឆ្លងទេ លើកលែងតែពេលមានពិធីបុណ្យទានម្តងៗ ក្រុមហ៊ុនអនុញ្ញាត្តឲ្យមានអ្នកទៅទស្សនា”។ លោកបន្តថា “យ៉ាងណាក៏ដោយ ការចូលទៅទស្សនាកំសាន្តនៅលើកោះ មិនទាន់មានការអនុញ្ញាត្តទេ ដោយសារក្រុមហ៊ុនកំពុងសាងសង់ និងមានគ្រឿងចក្រច្រើន”។
លោកឃាង ភារម្យបានបន្តថា ការអភិវឌ្ឍកោះពស់ នឹងរួមចំណែកទាក់ទាញទេចរណ៍ជាតិ អន្តរជាតិជាច្រើនទៀតនាពេលអនាគត ខណៈពេលនៅក្នុងឱកាសថ្ងៃឈប់សម្រាក៣ថ្ងៃ(៣១ធ្នូ ឆ្នាំ២០២០, ថ្ងៃទី១ និងថ្ងៃទី២ ខែមករា ឆ្នាំ២០២១)នៃពិធីឆ្លងឆ្នាំសាកលកន្លងមកនេះ ខេត្តទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកនៅមូលដ្ឋានមកទស្សនាកំសាន្តសរុបប្រមាណ១០ម៉ឺននាក់។
ទាក់ទងនឹងសកម្មភាពវិស័យអាកាសចរណ៍ ដែលភ្ជាប់មកខេត្តលោកបានបង្ហើប ឲ្យដឹងផងដែរថា បច្ចុប្បន្នដោយសារជំងឺCovid19 បានរីករាលដាលទូទាំងសាកលលោក និងប៉ះពាល់ដល់កម្ពុជាផងដែរ បានធ្វើឲ្យប៉ះពាល់វិស័យជាច្រើន នៅក្នុងខេត្តទាំងការវិនិយោគថ្មីៗ និងភ្ញៀវទេសចរណ៍ ប៉ុន្តែនៅពេលជំងឺនេះគ្រប់គ្រងបាន និងវ៉ាក់សាំងមានប្រសិទ្ឋភាព១០០ភាគរយ នឹងធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ មានការរីកចម្រើនលឿនថែមទៀត។
លោកបន្តថា បច្ចុប្បន្នមានជើងហោះហើរចន្លោះពី៣ ទៅ៤លើកប៉ុណ្ណោះ បានចុះចតនៅព្រលានយន្តហោះខេត្តព្រះសីហនុ និងមានជើងហោះហើរតិចតួចផងដែរ មកពីប្រទេសនានា៕