ផ្លូវប្រវែងសរុបជាង៣៧៣គីឡូម៉ែត្រនៅទីជនបទខេត្តសៀមរាបនឹងត្រូវស្ថាបនា នៅឆ្នាំ២០២១នេះ

0

ដោយៈ រ៉ាណេត

សៀមរាបៈ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះ គម្រោងស្ថាបនាផ្លូវនៅតាមទីជនបទនានា ទូទាំងខេត្តសរុបប្រវែងជាង៣៧៣គីឡូ​ម៉ែត្រនឹងត្រូវអនុវត្ត និងធ្វើឱ្យប្រសើរឡើ ងដើម្បីសម្រួលដល់ការធ្វើសំណើរ ការដឹកជញ្ជូន និងការលើកកម្ពស់សោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។

លោកសោ ប៊ុនធី ប្រធានការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានប្រាប់នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបមានគោលការណ៍ចំនួន៣ ដែលនឹងត្រូវអនុវត្ត រួមមាន ទី១ គម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាត ទី២ គម្រោងកែលម្អពីផ្លូវគ្រួសក្រហមមកជាផ្លូវកៅស៊ូ គម្រោងថែទាំខួប និងទី៣ គម្រោងថែទាំជាប្រចាំនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់អង្គភាពខ្លួន។

នៅក្នុងឆ្នាំ២០២០កន្លងទៅ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើការជួសជុលផ្លូវថ្នល់ ទាំងគម្រោងកែលម្អ គម្រោងជួសជុលបន្ទាន់ គម្រោងថែទាំខួបនិងគម្រោងថែទាំជាប្រចាំបានចំនួនប្រមាណ១៩៣គីឡូម៉ែត្រ។ ដោយឡែកនៅក្នុងឆ្នាំ២០២១នេះវិញ មន្ទីរមានផែនការសម្រាប់គម្រោងជួសជុល ស្តារឡើងវិញ ថែរទាំខួប និងថែទាំជាប្រចាំផ្លូវថ្នល់ជនបទសរុបចំនួនប្រមាណ៣៧៣គីឡូម៉ែត្របន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។

លោកសោ ប៊ុនធីបានបន្តថា “ទន្ទឹមនឹងគម្រោងជួសជុល ស្តារឡើងវិញ ក៏ដូចជាផ្លូវដែលបានធ្វើរួចរាល់ហើយនោះ តាមរយៈការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅ មេត្តាចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីឱ្យផ្លូវថ្នល់អាចប្រើប្រាស់បានយូរអង្វែង”។

សម្រាប់គម្រោងថែទាំផ្លូវថ្នល់ និងគម្រោងស្តារឡើងវិញនូវផ្លូវថ្នល់ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក គឺទទួលបានថវិកាពីរាជរដ្ឋាភិបាល និងមួយចំណែកទៀត ទទួលបានពីគម្រោងជំនួយរបស់រដ្ឋាភិបាលអាឡឺម៉ង់(KFW)។

ដោយឡែកសម្រាប់គម្រោងជួសជុល កែលម្អផ្លូវថ្នល់ផ្សេងៗទៀត ក៏ទទួលបានពីអង្គការដៃគូមួយចំនួន ដូចជាធនាគារអភិវឌ្ឍអាស៊ី(ADB) ធនាគារពិភពលោក(World Bank) និងគម្រោងជាច្រើនទៀតដែលកំពុងអនុវត្តទៅតាមជំហានៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here