ដោយៈវុត្ថា
ឥណ្ឌូនេស៊ីៈ ក្រុមហ៊ុន Canada Pension Plan Investment Board ហៅកាត់ថា (“CPP Investments” និងក្រុមហ៊ុនឯកទេសខាងភ័ស្តុភារ LOGOS កាលពីម្សិលមិញនេះ បានប្រកាសពីការសហការគ្នា ក្នុងការបណ្តាក់ទុនថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ី សម្រាប់ការអភិវឌ្ឍមូលដ្ឋានភ័ស្តុភារទំនើបនៅតំបន់ Greater Jakarta។
យោងតាមគេហទំព័រ www.newswire.ca ចុះផ្សាយកាលពីម្សិលមិញឱ្យដឹងថា ក្រុមហ៊ុន CPP Investments នឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារអាមេរិក ក្នុងការបណ្តាក់ទុនរួមគ្នា ដែលនឹងអភិវឌ្ឍផលប័ត្រចម្រុះ ដែលផ្តោតលើភ័ស្តុភារទី៣ (មជ្ឈមណ្ឌលទិន្នន័យ និងការជួល) នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
លោក Jimmy Phua នាយកគ្រប់គ្រង និងជាប្រធានផ្នែកវិនិយោគអចលនទ្រព្យតំបន់អាស៊ីរបស់ក្រុមហ៊ុន CPP Investments បានមានប្រសាសន៍ថា គោលបំណងក្នុងការដាក់ទុនដ៏សំខាន់មួយ សម្រាប់ការវិនិយោគរបស់ ក្រុមហ៊ុន CPP Investments ព្រោះ ប្រទេសឥណ្ឌូនេស៊ី មានការកើនឡើងនៃវណ្ណៈកណ្តាល និងកំនើននៃការប្រើប្រាស់ក្នុងស្រុក។
លោកថ្លែងថា “កំណើននៅក្នុងទីផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអ៊ីនធឺណេតរបស់ប្រទេសឥណ្ឌូនេស៊ី បានជំរុញឱ្យមានតំរូវការភ័ស្តុភារដឹកជញ្ចូនទំនើប។ យើងមានសេចក្តីរីករាយ ក្នុងការបន្តភាពជាដៃគូជាមួយ ក្រុមហ៊ុន LOGOS និងពង្រឹងជំហររបស់យើងនៅក្នុងទីផ្សារភ័ស្តុភាររបស់ឥណ្ឌូនេស៊ី” ។
លោកបន្ថែមថា នេះគឺជាការបណ្តាក់ទុនរួមគ្នាលើកទី២ រវាងក្រុមហ៊ុន CPP Investments និងក្រុមហ៊ុន LOGOS នៅឥណ្ឌូនេស៊ីដោយការបើកដំណើរការលើកដំបូងនៅឆ្នាំ២០១៧ ក្នុងភាពជាដៃគូជាមួយវិនិយោគិនអន្តរជាតិមួយផ្សេងទៀត ដើម្បីទទួលបានអចលនទ្រព្យ ប្រភេទដឹកជញ្ចូនទំនើបនៅក្នុងទីផ្សារនេះ។
លោកបន្ថែមថា ការបណ្តាក់ទុនដំបូង ចំពោះអចលនទ្រព្យប្រភេទដឹកជញ្ចូនមួយចំនួន រួមមាន មណ្ឌលដឹកជញ្ចូន Metrolink Logistics Hub មជ្ឈមណ្ឌល Cikarang Logistics Park មជ្ឈមណ្ឌល Cibitung Logistics Hub និងមជ្ឈមណ្ដល Cileungsi Distribution Centre។
លោក Stephen Hawkins នាយកគ្រប់គ្រងក្រុមហ៊ុន LOGOS បានមានប្រសាសន៍ថា ក្រុមហ៊ុនបានមើលឃើញ ពីតម្រូវការកើនឡើងពីអតិថិជនគ្រប់ជាតិសាស្ត្រ និងនៅក្នុងស្រុក សម្រាប់ទំហំដឹកជញ្ជូន ដែលមានគុណភាពខ្ពស់ នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលត្រូវបានគាំទ្រដោយកត្តាជំរុញសេដ្ឋកិច្ច ក្នុងតំបន់នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ការផលិត និងការធ្វើពិពិធកម្មទៅខ្សែសង្វាក់ផ្គត់ផ្គង់តាមបែបវិមជ្ឈការ។
លោកថ្លែងថា “យើងមានសេចក្តីរីករាយ ដោយបានធ្វើការជាមួយដៃគូយូរអង្វែងនៅក្នុងការវិនិយោគជាមួយកក្រុមហ៊ុន CPP Investments ដើម្បីបំពេញតាមតំរូវការនេះនិងតាមរយៈការបណ្តាក់ទុនទាំងពីរ ផ្តល់នូវសម្ភារៈដឹកជញ្ជូន ដែលមានគុណភាពខ្ពស់រហូតដល់ទៅ១ពាន់លានដុល្លារអាមេរិក ដល់ទីផ្សារនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ” ។
ក្រុមហ៊ុន LOGOS បានកំណត់នូវការទន្ទឹងរងចំពីឱកាសទទួលផល សម្រាប់ការបណ្តាក់ទុនថ្មីនេះ ហើយនឹងទន្ទឹងរង់ចាំអនុវត្តលើបញ្ហានេះ ក្នុងរយៈពេល១២ខែខាងមុខនេះ៕






