ដោយ ៖ លក្ខិណា
ភ្នំពេញៈ ដើម្បីត្រៀមស្វាគមន៍វិនិយោគិន និងធុរជនមកពីបណ្ដាប្រទេសអាស៊ី និងអឺរ៉ុប ចូលរួមក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ កម្ពុជាបានត្រៀមក្រុមការងារបច្ចេកទេសចំនួន៤ក្រុម។

លោកជំទាវតឹក រ៉េតកំរងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាក្រសួងពាណិជ្ជកម្ម បានបង្កើតគណៈកម្មការសម្រាប់រៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១” ដែលក្នុងនោះមានក្រុមការងារបច្ចេកទេសបួន(៤)រួមមាន ទី១ ក្រុមលេខាធិការដ្ឋាន ទី២ ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន ទី៣ ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ និង៤ ក្រុមការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ។
រហូតមកដល់ពេលនេះ ក្រុមការងារនីមួយៗបានរាយការណ៍ និងពិភាក្សាអំពីវឌ្ឍនភាពការងារតាមក្រុមការងារនីមួយៗ ដែលបានរៀបចំកន្លងមក ដូចជា (១)រៀបចំ Check-List បែងចែកភារកិច្ចក្នុងក្រុមការងារនីមួយៗ(២)កែសម្រួលកម្មវិធីដោយបញ្ជាក់ពីសមាសភាពវាគ្មិន និងអ្នកសម្របសម្រួលកម្មវិធី និងរៀបចំទីតាំងសម្រាប់វេទិកា (៣)រៀបចំCheck-List កំណត់អ្នកចូលរួមវេទិកាសម្រាប់ពិធីការ និងបដិសណ្ឋារកិច្ចទទួលភ្ញៀវ (៤)រៀបចំខ្ទង់ចំណាយ និង(៥)ការងារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីត្រៀមលក្ខណៈរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១” ដែលគ្រោងប្រពឹ្រត្តទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ទទួលជោគជ័យទទួលលទ្ធផលល្អប្រសើរ និងផ្តល់កិត្យានុភាពដល់ប្រទេសជាតិ។
លោកជំទាបានបញ្ជាក់ថា វេទិកា សេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី អឺរ៉ុប នៅកម្ពុជានឹងអាចទាក់ទាញវិនិយោគ និងធុរជនមកពីប្រទេសអាស៊ី និងអឺរ៉ុបមកកាន់ប្រទេសកម្ពុជា ហើយក៏ជាឱកាស ក្នុងការបង្កើតការវិនិយោគមុខជំនួញ ជាមួយនៅក្នុងប្រទេសកម្ពុជា ក្នុងពេលរដ្ឋាភិបាល ក៏បានប្រកាសស្វាគមន៍បណ្ដាវិនិយោគិន មកពីគ្រប់ទិសទីដែលចង់វិនិយោគនៅក្នុងប្រទេសទៅលើវិស័យអាទិភាពជាច្រើន៕






