រដ្ឋាភិបាល​កម្ពុជា​កំណត់​ឆ្នាំ២០៣០ នឹងដាក់​ដំណើរការ​ថាមពល​កើតឡើង​វិញឱ្យបាន ២៥ភាគរយ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បានកំណត់​ដាក់បញ្ចូល​គោលដៅ​អនុវត្តន៍​ថ្មី នៃ​ការផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ ឲ្យ​បាន​ប្រមាណ២៥ភាគរយ​នៅក្នុង​ល្បាយ​ថាមពល​នៅត្រឹម​ឆ្នាំ២០៣០ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ជាក់ស្ដែង និង​រួមចំណែក​ក្នុងការ​ដោះស្រាយ នូវ​បម្រែបម្រួល​អាកាសធាតុ ដែលជា​កង្វល់​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា គោលដៅ​ថ្មី​នេះ ក៏​រួមបញ្ចូល​ការផលិត​អគ្គិសនី ពី​ថាមពល​កកើត​ឡើងវិញ​ចំនួន២៥ភាគរយ នៅក្នុង​ល្បាយ​ថាមពល (Energy Mix) នៅ​ឆ្នាំ២០៣០ ។ ទន្ទឹមនេះដែរ ការប្រែប្រួល​អាកាសធាតុ​ជា​បាតុភូត​ប្រទាក់ក្រឡា​គ្នា ដែល​ត្រូវ​ដោះស្រាយ​តាម​មធ្យោបាយ ជា​កញ្ចប់​គ្រប់​ជ្រុងជ្រោយ​ទាំង​លើ​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន។

នៅក្នុង​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព​ស្តីពី ការចូលរួមចំណែករ​បស់​ជាតិ ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ដែល​កម្ពុជា​ត្រៀម​ដាក់ជូនទៅ​លេខាធិការដ្ឋាន​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី ការប្រែប្រួល​អាកាសធាតុ (UNFCCC) នា​ដំណាច់​ឆ្នាំនេះ កម្ពុជា បាន​បញ្ចូល​នូវ​គោលដៅ​ថ្មី​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន ប្រមាណ៣៨,៩លាន​តោន​សមមូល​ឧស្ម័ន​កាបូ​និក រួមបញ្ចូល​ទាំង​ក្នុង​វិស័យ​ព្រៃឈើ វិស័យ សំណល់ និង​កសិកម្ម​ឬ​ស្មើនឹង១៨ភាគរយ ធៀប​នឹង​សេណា​រី​យ៉ូ​តាម​ទម្លាប់​ធម្មតា (Business As Usual) នៅត្រឹម​ឆ្នាំ២០៣០ ។

ស្ថិតនៅក្នុង​គោលដៅ​ខាងលើនេះ បច្ចុប្បន្ន​សម្រាប់​វិស័យ​ថាមពល កម្ពុជា​បាន​គាំទ្រ និង​អនុម័ត​លើ​គម្រោង​ស្នើសុំ​វិនិយោគ បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ជាច្រើន​គម្រោង​ជា​បន្តបន្ទាប់ ស្ថិតនៅតាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន​ដូចជា​ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​មានជ័យ​ជាដើម។

ការអភិវឌ្ឍន៍​ថាមពល​កកើត​ឡើងវិញ គឺជា​គោលនយោបាយ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​ការ​ផ្តោតជាសំខាន់ ទៅលើ​ការអភិវឌ្ឍន៍​ថាមពល​ពន្លឺព្រះអាទិត្យ ស្ថិតក្នុង​អាទិភាព​មួយ។ បណ្តាញ​ផ្គត់ផ្គង់​នៅ​កម្ពុជា ដែល​រួមមាន២៥ខេត្ត​ក្រុង ក្នុងនោះ១៥ខេត្ត ក្រុង​បាន​ត​ភ្ជាប់​ជាមួយនឹង​បណ្តាញ​បញ្ជូន​ជាតិ ហើយ​គោលដៅ​របស់​កម្ពុជា​កាល​ពី​ឆ្នាំ២០២០ កម្ពុជា​រំពឹងថា​សម្រេច​ឲ្យ​បាន​នូវ ការផ្តល់​អគ្គិសនី​ឲ្យ​បាន​ទាំង២៥ខេត្ត ក្រុង ដោយ​ថាមពល​អគ្គិសនី​ក្នុង​ប្រភេទ​តុង​ស្យ​ង់​ខ្ពស់។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា ប្រទេស​កម្ពុជា​បានធ្វើ​បច្ចុប្បន្នភាព ផែនការ​ថាមពល​រប​ស់​ខ្លួន សម្រាប់​ឆ្នាំ២០២០ ដល់​ឆ្នាំ២០៣០ បន្ថែម​ពីលើ​គម្រោង​វិនិយោគ​លើ​វិស័យ​ថាមពល ពី​វិស័យ​ឯកជន រដ្ឋាភិបាល​ក៏បាន​គ្រោង​ប្រើ​ឧស្ម័ន​ធម្មជាតិ(Natural Gas) សម្រាប់​ការផលិត​ថាមពល​អគ្គិសនី ក្នុង​ចំណែក​មួយ​ដ៏​ធំ ដែលមាន​អនុភាព​សរុប៣៦០០មេ​ហ្គា​វ៉ាត ដោយ​អាច​នឹង​ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ២០២៧ រហូតដល់​ឆ្នាំ២០៣០ ។

លោក​បន្តថា “សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅ​ឆ្នាំ២០២១ បន្ទាប់ពី​ថយចុះ​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជម្ងឺ​កូ​វីដ១៩” ។ លោក​បន្តថា “ដូច្នេះ​តម្រូវការ​ថាមពល​រប​ស់​ប្រទេស​កម្ពុជា​រំពឹងថា នឹងមាន​សន្ទុះ​ឡើងវិញ ក្នុងនេះ​ឧស្ម័ន​ធម្មជាតិ នឹង​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​ល្បាយ​ប្រភព​ថាមពល​នៅ​កម្ពុជា ពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម ដឹកជញ្ជូន ពាណិជ្ជកម្ម និង​លំនៅដ្ឋាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here