ដោយៈវឌ្ឈនា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន នឹងកំពុងធ្វើពិពិធកម្មព្រលានយន្តហោះ នៅក្នុងប្រទេសដោយមានទាំងពង្រីកផ្លូវរត់ និងសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិថ្មី ក្នុងទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងការដឹកជញ្ជូន តាមផ្លូវការអាកាស និងប្រកួតប្រជែងនៅក្នុងតំបន់ ព្រមទាំងលំហូវិនិយោគមកពីបណ្តាប្រទេសនានាលើសកលលោក។

-->
លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៏ជាតិកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា ការធ្វើពិពិធកម្មព្រលានយន្តរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ គឺឆ្លើយតបទៅនឹងការដឹកជញ្ជូន តាមផ្លូវអាកាសនាពេលខាងមុខ និងសម្រាប់ធ្វើការប្រកួតប្រជែង ការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងតំបន់ និងនៅលើពិភពលោក។
លោកបន្តថា “វាជាចំណុចល្អខ្លាំងមែនទែន សម្រាប់ប្រទេសកម្ពុជា ព្រោះថាការដឹកជញ្ជូនតាមផ្លូវអាកាសនេះ គឺមានសារៈសំខាន់ណាស់ នៅក្នុងទសវត្សរ៍នេះ ពីព្រោះយើងដឹងហើយថា ការរីកចំរើននៅក្នុងប្រទេសនាមួយៗ វាមានការេប្រកួតប្រជែងគ្នាខ្លាំងណាស់” ។ លោកបន្ថែមថា “ការដឹកជញ្ជូនតាមផ្លូវការននេះ បាននឹងកំពុងមានការប្រកួតប្រជែងខ្ពស់ និងមានសក្តានុពលខ្លាំង ដោយមិនមែនប្រកួតប្រជែងឆ្នាំនោះទេ តែគេប្រកួតប្រជែងជាមួយនឹងពេលវេលា គេគិតខែ មកអាទិត្យ និងថ្ងៃ ហើយកន្លែងខ្លះគេគិតម៉ោងថែមទៀត” ។
លោក ស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងដែរថា ការដែលរាជរដ្ឋាភិបាលបានដាក់ទុនវិនិយោគ រាប់ពាន់លានដុល្លារអាមេរិក លើការពង្រីក និងការសាងសង់ព្រលានយន្តហោះថ្មី នៅក្នុងប្រទេសនេះ មិនមែនជាគម្រោងដែលត្រូវបានធ្វើឡើងនៅថ្ងៃនេះនោះទេ ពោលគឺរាជរដ្ឋាភិបាលមានផែនការអភិវឌ្ឍតាំងពីយូរាប់ឆ្នាំណាស់មកហើយ។
លោកស្រីបន្តថា “ការធ្វើពិធកម្មព្រលានយន្តហោះនេះ គឺការឆ្លើយតបទៅនឹង ទំហំនៃការវិនិយោគ និងទេសចរណ៍ហូរចូលមកកម្ពុជាកាន់តែច្រើនឡើង ពីមួយឆ្នាំកាលពីកន្លងមកនេះ។លោកស្រីបន្ថែមថា “នេះក៏ជាល្អសម្រាប់វិស័យដឹកជញ្ជូន តាមផ្លូវអាកាសរបស់កម្ពុជា ដែលមានសមត្ថភាពអាចទទួលចុះចតនូវយន្តហោះធំៗ និងទទួលជើងហោះហើរបានកាន់តែច្រើនថែមទៀត ខណៈដែលកម្ពុជានៅខ្វះខាតជើងហោះហើរត្រង់” ។
លោកស្រីបន្តថា យើងឃើញមានការហោះហើរច្រើនមែន តែអត់មានជើងហោះហើរត្រង់ពីប្រទេសឆ្ងាយៗនោះទេ ហើយនៅពេលយើងមានព្រលានយន្តហោះខ្នាតអន្តរជាតិនេះ កម្ពុជានឹងទទួលបានជើងហោះហើរត្រង់កាន់តែច្រើន ។ កន្លងមកនេះ យើងមិនទាន់ទទួលបានជើងហោះហើរត្រង់ពីអាមេរិក អឺរ៉ុបនោះទេ ដោយយើងពឹងពាក់ទៅលើប្រទេសជិតខាង។
ជាមួយគ្នានេះ លោកស៊ិនចាន់ សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល កាលពីកន្លងមកនេះបានឱ្យដឹងថា រដ្ឋាភិបាលបានបោះទុនជាង៣០០០លានដុល្លារអាមេរិក ក្នុងការពង្រីកនិងស្តារឡើងវិញ នូវព្រលានយន្តហោះទាំង៣របស់កម្ពុជា ដើម្បីជំរុញឱ្យវិស័យអាកាសចរណ៍កម្ពុជា កាន់តែការតែទំនើប និងអាចឱ្យយន្តហោធុនធំអាចចុះចតបាន។
លោកបន្ថែមថា “ទំហំទុននៃការវិយោគចំណាយលើព្រលានយន្ត នៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ រួមទាំងគម្រោងព្រលានយន្តហោះថ្មីៗផ្សេងទៀត អញ្ចឹងយើងគ្រោងចំណាយជាង៣០០០លានដុល្លារអាមេរិក” ។
រាជរដ្ឋាភិបាលបាន និងកំពុងតែដំណើរការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ឋអាកាសយានដ្ឋានជាតិ-អន្តរជាតិចំនួន៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាកាសយានដ្ឋានអន្តរជាតិសៀមរាប បញ្ចប់ការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង។
ក្រៅពីអាកាសយានដ្ឋានអន្តរជាតិ កម្ពុជាក៏គ្រោងឱ្យមានអកាសយានដ្ឋានក្នុងស្រុកមួយចំនួនទៀតដូចជា អាកាសយានដ្ឋានខេត្តមណ្ឌលគិរី អាកាសយានដ្ឋានបាត់ដំបង អាកាសយានដ្ឋានស្ទឹងត្រែង អាកាសយានដ្ឋានកោះកុង និងអាកាសយានដ្ឋានប៉ោយប៉ែតជាដើមនាពេលអានាគតផងដែរ៕