ដោយ៖ ប៊ី
អន្តរជាតិ៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Elon Musk មេក្រុមហ៊ុន Tesla Inc បានវ៉ាដាច់លោក Jeff Bezos ដែលម្ចាស់ក្រុមហ៊ុន Amazon.com ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។
របាយការណ៍បានឱ្យដឹងថា ដោយរួមបញ្ចូលទាំងការចំណេញភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃព្រហស្បតិ៍ លោក Elon Musk អាយុ ៤៩ ឆ្នាំមានទ្រព្យសម្បត្តិសរុបជាង១៨៨,៥ពាន់លានដុល្លារអាមេរិក ដែលមានទំហំទឹកប្រាក់ជាង១,៥ពាន់លានដុល្លារច្រើនជាងលោក Bezos ។
ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Elon Musk ត្រូវបានកើនឡើងចំនួន៨ដង ដោយសារកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលបានក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតនៅលើពិភពលោក។
លោក Elon Musk មានភាគហ៊ុន២០ភាគរយ នៅក្នុងក្រុមហ៊ុនផលិតរថយន្តនេះ និងទទួលបានចំណេញប្រហែល៤២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង៧,៤ភាគរយនៅថ្ងៃព្រហស្បតិ៍ ក្នុងកម្រិតខ្ពស់បំផុតដែលតម្លៃ ៨១១,៦១ដុល្លារអាមេរិកក្នុងមួយហ៊ុន។
ទោះយ៉ាងណា បញ្ជីឈ្មោះមហាសេដ្ឋី Forbes បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក Elon Musk នៅតែតាមពីក្រោយក្រុមហ៊ុន Amazon របស់លោក Bezos ចំនួន៧,៨ពាន់លានដុល្លារអាមេរិក។
លោក Elon Musk ដែលធ្លាប់ជាសហស្ថាបនិក និងបានលក់ក្រុមហ៊ុនទូទាត់ PayPal Holdings Inc ឥឡូវនេះដឹកនាំក្រុមហ៊ុន ដែលត្រូវបានមើលឃើញថានឹងមានការរីកចម្រើនខ្លាំងបំផុត លើពិភពលោកនាពេលអនាគត។
ក្រៅពីក្រុមហ៊ុន Tesla លោកជាប្រធានក្រុមហ៊ុន SpaceX និង Neuralink ដែលជាក្រុមហ៊ុនមួយ កំពុងបង្កើតម៉ាស៊ីនខួរក្បាល ដែលមានល្បឿនលឿន ដើម្បីភ្ជាប់ខួរក្បាលមនុស្សទៅនឹងកុំព្យូទ័រ។
លោកបានបង្កើតក្រុមហ៊ុន Boring Company ដើម្បីធ្វើផ្លូវរូងក្រោមដី នៅខាងក្រោមផ្លូវទីក្រុង ដែលមមាញឹកសម្រាប់ប្រព័ន្ធដឹកជញ្ជូនសាធារណៈអគ្គិសនី ដើម្បីចៀសវាងការកកស្ទះចរាចរណ៍នៅទីក្រុងនានារបស់សហរដ្ឋអាមេរិក៕