ដោយ ៖ សុខុម
ធនាគារកណ្ដាលមីយ៉ាន់ម៉ា (Central Bank of Myanmar) កាលពីថ្ងៃទី៦ មករា បានចេញអាជ្ញាប័ណ្ណអនុញ្ញាតឱ្យធនាគារឧស្សាហកម្មកូរ៉េ (Industrial Bank of Korea) ដែលគ្រប់គ្រងដោយរដ្ឋរដ្ឋាភិបាលកូរ៉េ បើកដំណើរការធនាគារបុត្រសម្ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះជាធនាគារបរទេសទី២ ហើយដែលបានបើកដំណើរការធនាគារបុត្រសម្ព័ន្ធជាផ្លូវការក្នុងប្រទេសនេះ។
យោងតាមកាសែត Myanmar Times ចុះផ្សាយកាលពីថ្ងៃទី៨ មករា ឱ្យដឹងថា អាជ្ញាប័ណ្ណនឹងត្រូវចេញឱ្យធនាគារបរទេសដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ៧ ដែលតាមការរំពឹងថានឹងទទួលបានមូលធនហូរចូលសរុប ១ ពាន់លានដុល្លារអាមេរិក។
ធនាគារបរទេសទាំង ៧ ដែលមានសិទ្ធិទទួលបានអាជ្ញាប័ណ្ណ ត្រូវបានជ្រើសរើសកាលពីខែមេសា ឆ្នាំ២០២០ ហើយតាមការរំពឹងទុក ធនាគារកណ្ដាលមីយ៉ាន់ម៉ា នឹងចេញអាជ្ញាប័ណ្ណបុត្រសម្ព័ន្ធចំនួន ៣ និងអាជ្ញាប័ណ្ណបើកសាខាធនាគារបរទេសចំនួន ៤ ក្នុងពេលឆាប់ៗនេះ។ ការវិនិយោគផ្នែកមូលធនសម្រាប់ការបើកដំណើរការសាខាត្រូវមានដើមទុនយ៉ាងតិច ៧៥ លានដុល្លារ និង ១០០ លានដុល្លារ ប្រសិនបើវាជាសាខាបុត្រសម្ព័ន្ធ។
អាជ្ញាប័ណ្ណបុត្រសម្ព័ន្ធទី១ ត្រូវបានចេញឱ្យធនាគារកូរ៉េ មួយទៀតគឺធនាគារ KB Kookmin Bank កាលពីចុងឆ្នាំ២០២០។ ហើយអាជ្ញាប័ណ្ណបុត្រសម្ព័ន្ធទី២ ត្រូវបានចេញឱ្យធនាគារ IBK Myanmar Ltd ដែលជាបុត្រសម្ព័ន្ធនៃធនាគារឧស្សាហកម្មកូរ៉េ។
ដើម្បីចាប់ផ្ដើមដំណើរការ ត្រូវត្រៀមលក្ខណៈឱ្យរួចរាល់ក្នុងរយៈពេល ៩ ខែរួមមានដូចជាអគារ បច្ចេកវិទ្យា និងការចាត់តាំងបុគ្គលិកជាដើម។ ដើម្បីទទួលបានអាជ្ញាប័ណ្ណ ទាល់តែបំពេញបានទាំងស្រុងតាមលក្ខខណ្ឌតម្រូវទាំងនេះ។ ធនាគារកណ្ដាលមីយ៉ាន់ម៉ា លើកឡើងថា សាខាធនាគារបុត្រសម្ព័ន្ធចំនួន ១០ បន្ថែមទៀតអាចនឹងបើកដំណើរការ។
ធនាគារកណ្ដាលមីយ៉ាន់ម៉ា បានបន្ថែមទៀតថា ធនាគារ IBK Myanmar Ltd នៅពេលនេះអាចបើកដំណើរការអាជីវកម្មធនាគារពាណិជ្ជ និងធ្វើការប្រកួតប្រជែងជាមួយបណ្ដាធនាគារក្នុងស្រុកបានហើយក្រោមច្បាប់ស្តីពីស្ថាប័នហិរញ្ញវត្ថុ (Financial Institutions Law)។
ធនាគារពាណិជ្ជសៀម (Siam Commercial Bank) របស់ថៃ នឹងបង្កើតសាខាធនាគារបុត្រសម្ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗនេះ ហើយក៏នឹងទទួលបានអាជ្ញាប័ណ្ណពីធនាគារកណ្ដាលមីយ៉ាន់ម៉ា ផងដែរ។
ទន្ទឹមនេះ ធនាគារ Mega International Commercial Bank Co., Ltd ធនាគារ Cathay United Bank និងធនាគារ Bank of China ក៏នឹងទទួលបានអាជ្ញាប័ណ្ណបើកធនាគារបុត្រសម្ព័ន្ធ នៅមុនដំណាច់ខែនេះផងដែរ៕






