ដោយៈ សាយ័ន
ភ្នំពេញៈ ស្ថាបនិកស្ថាប័នអាជីវកម្មធំមួយបានអះអាងថា វិបត្តិកូវីដ១៩បានធ្វើឱ្យអាជីវកម្មមួយចំនួនរងនូវផលប៉ះពាល់ ឬឈានដល់ការក្ស័យធន។ ប៉ុន្តែទន្ទឹមនឹងភាពអវិជ្ជមាន ក៏មានភាពវិជ្ជមានកើតឡើង គឺម្ចាស់អាជីវកម្មមួយចំនួនធំ បានប្រើប្រាស់ពេលវេលានៃវិបត្តិនេះ បង្កើតជាឱកាសទៅវិញ។

ការបង្កើតឪកាសនេះ ធ្វើឡើងតាមរយៈការពង្រឹងសមត្ថភាពរបស់ខ្លួន លើការគ្រប់គ្រងអាជីវកម្ម និងការបង្កើតអាជីវកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតស្របតាមស្ថានភាពជាក់ស្ដែង។
លោកអោម សេងបូរ៉ា ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប(CEO Master Club) និងជាគ្រូបង្វឹកម្ចាស់អាជីវកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ថា វិបត្តិកូវីត១៩ បានបណ្ដាលឱ្យអាជីវកម្មភាគច្រើនរងផលប៉ះពាល់តិចឬច្រើន និងឈានទៅដល់ការបិទក៏មាន។ ប៉ុន្តែក៏មានម្ចាស់អាជីវកម្មមួយភាគធំបានប្រើប្រាស់វិបត្តិ ទៅជាការស្វែងរកឳកាសក្នុងការបង្កើតអាជីវកម្មថ្មីៗបំពេញតាមតម្រូវរបស់ប្រជាជនក្នុងស្រុកស្របតាមស្ថានភាពជាក់ស្ដែង។

គ្រូបង្វឹកអាជីវកម្មរូបនេះបានបញ្ជាក់ថា មិនមែនសុខៗលោកនឹកឃើញរឿងនេះឡើងនោះទេ ប៉ុន្តែកើតចេញពីការអង្កេតកន្លងមក ជាពិសេសតាមរយៈម្ចាស់អាជីវកម្មដែលជាសមាជិករបស់ខ្លួន បច្ចុប្បន្នមានជាង១០០០នាក់ ដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលពាក់ព័ន្ធទៅនឹងដំណើរការអាជីវកម្ម។
លោកអោម សេងបូរ៉ាបានបញ្ជាក់ថា “បងប្អូនម្ចាស់អាជីវកម្មខ្លះ គាត់មើលឃើញឳកាសនៅក្នុងពេលមានវិបត្តិកូវីត១៩ វាអំណោយផល់ដល់គាត់ ដូចជាវិស័យដំណីអាហារ និងវិស័យផ្សេងៗមួយចំនួនទៀត ឃើញថាមានការកើនឡើង”។ លោកបន្តថា “នេះជាឳកាសបើកថ្មីដោយប្រើប្រាស់ធនធានចាស់។ ហើយអ្នកមានលុយមួយចំនួន ចាប់យកឳកាសទិញអចលទ្រព្យលក់ប្រញ៉ាប់ ឬធូរៗថ្លៃ”។
លោកមើលឃើញម្យ៉ាងទៀតថា ជាសំណាងល្អមួយ សម្រាប់អ្នករកស៊ីនៅកម្ពុជាផងដែរ ដោយសាររាជរដ្ឋាភិបាល បានគ្រប់គ្រងការរីករាលដាលជំងឺកូវីត១៩មានប្រសិទ្ធភាព ដែលអាចឱ្យអាជីវកម្មភាគច្រើននៅដំណើរការបាន។
លោកកែវ វុទ្ធី នាយកប្រត្តិបត្តិក្រុមហ៊ុនវុឌ្ឍីស័ក្តិ ខមមើសល ឯ.ក និងជាម្ចាស់ហាងថែរក្សាសម្ផស្សណារ៉ា ប៊ីយូធី បានអោយដឹងថា នៅក្នុងវិបត្តិកូវី១៩នេះបានធ្វើអោយមានការធ្លាក់ចុះប្រាក់ចំណូល ខណៈការបញ្ជារទិញពីអតិថិជនធ្លាក់ចុះ។
លោកបន្តថា “នៅក្នុងសម័យដែលយើងជូបបញ្ហាកូវីតនេះ បានធ្វើឱ្យយើងរឹងមាំខ្លាំងជាងមុន និងរិះរកវិធីទប់ស្កាត់បញ្ហាទៅថ្ងៃក្រោយ។ ជាក់ស្ដែងខ្ញុំគ្រោងពង្រីកអាជីវកម្មរបស់ខ្ញុំចំនួនពីរទីតាំងបន្ថែមទៀត”។
លើកឡើងស្រដៀងគ្នានេះដែរ អ្នកស្រីស៊ី ចាន់ណារ័ត្ន ម្ចាស់ហាងលក់គ្រឿងអល្ល័ ង្កការ និងពេជ្រនៅលើអាគារពាណិជ្ជកម្មអូឡាំព្យ៉ាបានអះអាងថា អាជីវកម្មរបស់អ្នកស្រីមានការថមថយតិចតួចប៉ុណ្ណោះ។
អ្នកស្រីបន្តថា “ដោយសារខ្ញុំបានរៀននៅស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប ខ្ញុំមានយុទ្ធសាស្ត្រថ្មីៗដើម្បីត្រៀមសម្រាប់វ៉ៃលុកទីផ្សារនៅក្នុងសម័យកូវីតនេះ”។
ទោះបីជាយ៉ាងណា បើតាមអ្នកជំនាញអាជីវកម្មរូបនេះ អាជីវកម្មអាចដំណើរការទៅមុខឬបិទទ្វារ មិនមែនអាស្រ័យទាំងស្រុងលើស្ថានភាពសង្គមនោះទេ វាក៏ស្រ័យលើម្ចាស់អាជីវកម្មត្រូវមានភាពច្បាស់លាស់ ហ្មត់ចត់លើការគ្រប់គ្រង និងចាត់ចែងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីគេចចេញពីការក្ស័យធន និងមានភាពក្លាហានក្នុងបិទទ្វាអាជីវកម្ម ជៀសវាងបំណុលវ័ណ្ឌក។
ជាមួយគ្នានោះអ្នកជំនាញផ្នែកអាជីវកម្មខាងលើ លើកទឹកចិត្តអោយម្ចាស់អាជីវកម្ម ឬអ្នកវិនិយោគ ហ៊ានបោះទុនរកស៊ីបន្ថែមទៀត ប្រសិនបើខ្លួននៅមានលទ្ធភាពគ្រប់គ្រាន។ ការធ្វើបែបនេះ ក៏ជាការចូលរួមចំណែកជម្រុញសេដ្ឋកិច្ចជាតិ អោយបន្តឈានទៅមុខបាន ហើយក្នុងនាមជាគ្រូបង្វឹកម្ចាស់អាជីវកម្មនៅកម្ពុជា លោកនៅតែបន្តបេសកកម្មរបស់ខ្លួន ចូលរួមចំណែកធ្វើឱ្យម្ចាស់អាជីវកម្ម ជាសមាជិករបស់ខ្លួនកាន់តែមានការរីកចម្រើន និងបង្កើតការងារជូនពលរដ្ឋកាន់តែច្រើន៕






