ផលទុនជាតិសរុបរបស់ខេត្តកែបមានទំហំជាង៥០លានដុល្លារអាមេរិកកាលពីឆ្នាំមុន

0

ដោយៈ រ៉ាណេត

ខេត្តកែបៈ ស្ថិតនៅក្នុងគោលនយោបាយ នៃការជំរុញឱ្យមានសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍នៅទូទាំងខេត្ត នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ផលទុនជាតិសរុបរបស់ប្រជាពលរដ្ឋក្នុងខេត្តកែប មានទំហំទឹកប្រាក់ជាង៥០,៧លានដុល្លារ។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បានមានប្រសាសន៍នក្នុងក្នុងកិច្ចប្រជុំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១កន្លងមកថា រដ្ឋបាលខេត្តបានអនុវត្តន៍តាមច្បាប់គោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រដែលបានកំណត់ ក្នុងផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ បានធ្វើឲ្យខេត្តមានការរីកចម្រើន នាំមកនូវភាពសុខដុមរមនា ធានាបាននូវសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សាធារណៈសុខមាលភាពសង្គម ហើយជីវភាពប្រជាជនកាន់តែត្រូវបានកែសម្រួល និងរីកចម្រើនជាលំដាប់។

ជាក់ស្តែង ដោយផ្អែកតាមទិន្នន័យមូលដ្ឋានប្រចាំឆ្នាំ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការថយចុះជាលំដាប់គឺ១៦,៤៩ភាគរយនៅឆ្នាំ២០១២ មកត្រឹម ៣,១៨ភាគរយនៅឆ្នាំ២០២០។ ផលទុនជាតិសរុបក្នុងខេត្ត មានទំហំជាង៥០,៧លានដុល្លា ស្មើនឹង០,២០ភាគរយ នៃសេដ្ឋកិច្ចជាតិសរុប ចំណូលសម្រាប់មនុស្សម្នាក់មានចំនួន១.២១៧ដុល្លារអាមេរិក។

លោកបញ្ជាក់ថា តាមរយៈការដាក់ចេញនូវកម្មវិធី នយោបាយយុទ្ធសាស្ត្រឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខេត្តកែបបាននឹងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ និងបានប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ និងការកសាងស្ថាបនាឡើងនៅសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបន្តថា ភាពរីកចម្រើន និងការអភិវឌ្ឍន៍នៅក្នុងខេតកែប នាពេលបច្ចុប្បន្នភាគច្រើនអ្នកវិនិយោគបានផ្តោតសំខាន់ ទៅលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងទេសចរណ៍ ដូចជាការបង្កើតជាតំបន់កម្សាន្ត តំបន់ទេសចរណ៍ និងលំនៅដ្ឋានបែបលំហែរជាដើម។ ក្រៅពីនេះក៏មានប្រភេទអាជីវកម្មបម្រើសេវាផ្នែកទេសចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here