រដ្ឋាភិបាលជ្រើសរើសទំនិញអាទិភាព៥០មុខដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិនតាមកិច្ចព្រមព្រៀងFTA

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់ និងជ្រើសរើសនូវប្រភេទទំនិញអាទិភាព៥០មុខ ដាក់ក្នុងបញ្ជីនៃការជំរុញនាំចេញ ទៅកាន់ទីផ្សារប្រទេសមហាយក្សចិនឱ្យបានជាអតិបរមាបំផុត។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី៦ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)កាលពី​ចុងសប្តាហ៍មុនថា ទំនិញដែលមានអាទិភាព សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខនេះគឺត្រូវបានកំណត់ចំនួន៥០មុខ។

លោកបានបញ្ជាក់ថា ផ្អែកតាមអនុសាសន៍របស់លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រ​សួ​ងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារបង្កើតតារាងម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញចំនួន៥០មុខ ក្នុងនោះមានទំនិញជាផលិតផលថ្មីចំនួន២០មុខទំនិញ ផលិត​ផលកំពុងលូតលាស់ចំនួន២០មុខទំនិញ និងផលិតផលចាស់ទុំចំនួន១០មុខទំនិញ ដោ​យត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានាដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជម្រុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។

លោកបន្តថា “ជាកិច្ចការបន្ទាប់ក្រុមការងារលេខាធិដ្ឋាន ត្រូវសិក្សាស្រាវជ្រាវបន្ថែមទៀត ដោយត្រូវពង្រីកការសិក្សាស្រាវជ្រាវមុខទំនិញពី HS code ៤ខ្ទង់ ទៅជា HS Code ៦ខ្ទង់ឬ៨ខ្ទង់ និងវាយតម្លៃលើទំនិញណាមួយឱ្យបានច្បាស់លាស់ ដែលអាចផលិតបាននិងមានតម្រូវការទីផ្សារ”។ លោកបន្តថា “ក្រុមលេខាធិការដ្ឋានFTA ត្រូវសហការជាមួយនាយកដ្ឋានគោលនយោបាយ និងអភិវឌ្ឍទីផ្សារក្នុងការជ្រើសរើសមុខទំនិញសម្រាប់រៀបចំ Factsheet និងកំណត់ផលិតផលសក្តានុពល សម្រាប់ជម្រុញការនាំចេញដើម្បីឱ្យស្របតាមគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋាភិបាល”។

ចំពោះមុខទំនិញអាទិភាព ដែលបានកំណត់ក្នុងជំហានដំបូង សម្រាប់នាំចេញទៅកាន់ទៅផ្សារប្រទេសចិន រួមមាន ដូចជាផលិតផលក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង វិស័យតម្លើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យកសិកម្មដូចជាអង្ករ ដំឡូងមី និងកៅស៊ូធម្មជាតិជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here