តើវឌ្ឈនភាពនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេច បានបែបណាហើយ

0

ដោយៈលក្ខិណា

ភ្នំពេញៈ គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ តាំងពីអំឡុងខែមីនាឆ្នាំ២០១៩ កន្លងទៅ  គឺមានរយៈពេលជិត២ឆ្នាំហើយ តែលទ្ធផលដែលសម្រេចបានលើគម្រោងមួយនេះ គឺទើបតែបានជាង៣០ភាគរយប៉ុណ្ណោះ គិតត្រឹមដើមឆ្នាំ ២០២១នេះ។

លោកវ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារការ និងដឹកជញ្ជូនបានឱ្យដឹងតាម​ទូរស័ព្ទនារសៀលថ្ងៃទី១១ មករានេះថា កត្តាមួយចំនួនដែលធ្វើឱ្យគម្រោងផ្លូវនេះ ទើបតែសម្រេចបានជាង៣០ភាគរយ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ។

លោកបន្តពន្យល់ថា “ការសាងសង់ផ្លូវឬអ្វីមួយ ពិបាកបំផុតនិងយូរនោះ គឺបាតគ្រឹះរបស់វា ហើយនៅពេលបាតគ្រឹះត្រូវបានធ្វើរួចរាល់ វាប្រើពេលមិនយូរទេ ក្នុងការស្ថាបនា ។ ជាក់ស្ដែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក៏ត្រូវពង្រឹងគុណភាពបាតគ្រឹះផងដែរ ទើបក្នុងរយៈពេលជិត២ឆ្នាំមកនេះ សម្រេចបានជាង៣០ភាគរយ”។

លោកសូរិយាបានបន្តថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជានិងពិភពលោកក៏បានជួបវិបត្តិ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ផងដែរ ហើយកម្មករមួយចំនួនក៏ត្រូវបានដាក់ធ្វើចត្តាឡីស័ក ដែលធ្វើឱ្យខ្វះកំលាំងក្នុងការស្ថាបនា តែយ៉ាងណាក៏មិនបានផ្អាកគម្រោងដែរ គឺនៅតែបន្តទៅមុខជាលំដាប់ ដើម្បីឱ្យបញ្ចប់នៅតាមការគ្រោងទុក របស់ក្រុមការងារ ។ នៅពេលគេធ្វើបាតគ្រឹះរួចរាល់ ជំហានបន្ទាប់គឺនឹងលឿនជាងធម្មតា។

គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ក្រុងព្រះសីហនុ បានចំណាយទឹកប្រាក់ប្រ​មា​​ណជិត២ពាន់លានដុល្លារអាមេរិក ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រ។ នៅពេលគម្រោងនេះស្ថាបនារួចរាល់ សសៃឈាមសេដ្ឋកិច្ចនេះ នឹងជំរុញការដឹកជញ្ជូន ការធ្វើដំណើរបានឆាប់រហ័សរវាងភ្នំពេញ និងក្រុងព្រះសីហនុ។

បើតាមអ្នកជំនាញបច្ចេកទេសផ្លូវនេះបានឲ្យដឹងថា ពេលដាក់ដំណើរការ នឹងអនុ​ញ្ញាតសម្រាប់តែយានយន្ត ដែលមានកំលាំងម៉ាស៊ីនលើសពី១២៥ សេសេឡើងទៅចរាចរណ៍លើវិថីនេះ ក្រៅពីនោះមិនអនុញ្ញាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here