រដ្ឋបាលរាជធានីភ្នំពេញបន្តសិក្សាពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាកថ្មីដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីបន្ថែមទៀតដើម្បីកាត់បន្ថយជំនន់នៃការកក់ស្ទះចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃនៅផ្លូវជាតិលេខ១ និងតំបន់ទីប្រជុំជនច្បារអំពៅចូលមករាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបង្ហើបប្រាប់នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការគ្រប់គ្រង និងដឹកនាំដោយលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានបង្កើតគណៈកម្មការសិក្សាពីគម្រោងនៃការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត ដែលនឹងត្រូវធ្វើការតភ្ជាប់ពីតំបន់ព្រែកប្រាខណ្ឌច្បារអំពៅ មកកាន់ត្រើយម្ខាងស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីដដែលបានបញ្ជាក់ថា “បើតាមគម្រោងក្នុងជំហានបឋមរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតគណកម្មការសិក្សាពីគម្រោងសាងសង់ស្ពាននេះតាមរយៈសេចក្ដីប្រកាសលេខ ៣៨១/១៩ សសរ.រ ចុះហត្ថលេខាដោយលោកអភិបាលរាជធានីភ្នំពេញតាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ដោយមានសមាសភាពចំនួន២១នាក់ដែលជាមន្ត្រីជំនាញ និងមន្ត្រីអជ្ញាធរដែលពាក់ព័ន្ធ ប៉ុន្តែរហូតមកដល់ពេលនេះអាចនឹងមានការកែប្រែ និងបន្ថែមសមាសភាពមន្ត្រីជំនាញខ្លះទៀតតាមភាពជាក់ស្ដែងនៃតម្រូវ”។

គម្រោងសាងសង់ស្ពាននេះអាចនឹងដាក់គល់ស្ពាននៅក្បែរតំបន់សិប្បកម្មផលិតទឹកកកក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ហើយត្រៀងម្ខាងនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយភ្ជាប់មកកាន់ផ្លូវ៦០ម៉ែត្រ ប៉ុន្តែនៅតំបន់នេះមានឧបសគ្គច្រើនដែលត្រូវដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋច្រើនគ្រួសារ។

ដោយឡែក គណៈកម្មការដែលចុះសិក្សាត្រូវកំណត់ពីទីតាំងដែលត្រូវសាងសង់ ចុះស្រង់ស្ថិតិប្រជាជនដែលរងនូវផលប៉ះពាល់ទៅនឹងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់មួយនេះរួមជាមួយនឹងការធ្វើរបាយការណ៍សំខាន់ដែលពាក់ព័ន្ធផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here