ដោយ : គង់ សូរិយា
ភ្នំពេញ : សមាគមធ្វើការពាក់ព័ន្ឋក្នុងវិស័យទេសរណ៍ បានអំពាវនាវឲ្យមានការវិនិយោគរមណីយដ្ឋានកែច្នៃ និងតំបន់កំសាន្តនៅរាជធានីភ្នំពេញ ខណៈទីក្រុងនេះមិនទាន់មានរមណីយដ្ឋាន ឬតំបន់កំសាន្តដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើននៅឡើយទេ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា សមាគមអំពាវនាវឲ្យក្រុមហ៊ុនឯកជន វិនិយោគលើរមណីយដ្ឋានកែច្នៃឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនានៅរាជធានីភ្នំពេញ និងស្នាក់នៅបានយូរ ព្រោះបច្ចុប្បន្នភ្ញៀវទេសចរអន្តរជាតិស្នាក់នៅតែមួយយប់ឬពីរយប់ប៉ុណ្ណោះនៅរាជធានីភ្នំពេញ ដោយសារយើងមិនមានកន្លែងកំសាន្តនៅក្នុងទីក្រុងនេះ។
-->

លោកស្រីបានបញ្ជាក់ថា “នៅរាជធានីភ្នំពេញមិនមានកន្លែងកំសាន្តច្រើននោះទេ ក្រៅពីរមណីយដ្ឋានវត្តភ្នំ ព្រះបរមរាជវាំង សារៈមន្ទីរជាតិ សារៈមន្ទីរទួលស្លែង និងជើងឯក”។ លោកស្រីបន្តថា “សម្រាប់ពេលរាត្រីវិញ យើងមិនមានកន្លែងកំសាន្ត និងទាក់ចិត្តភ្ញៀវទេសចរនៅឡើយទេ ខុសពីខេត្តសៀមរាបដែលមានតំបន់ Pub Street និងកន្លែងទាក់ទាញដទៃទៀត”។
លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា ការចូលរួមវិនិយោគពីវិស័យឯកជនមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ផលិតផលទេសចរណ៍កាន់តែច្រើន ដល់ភ្ញៀវទេសចរអន្តរជាតិ។ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាក្នុងក្រុងភ្នំពេញ ច្រើនជាភ្ញៀវស្ថិតក្នុងតំបន់អាស៊ាន ដែលស្នាក់នៅរយៈពេលខ្លី ហើយយើងកំពុងគិតគូធ្វើយ៉ាងណាទាក់ទាញភ្ញៀវឲ្យស្នាក់នៅយូរក្នុងរាជធានីនេះ។

អគ្គលេខាធិការសមាគមសម្ពន្ឋទេសចរណ៍ជាតិកម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា រាជធានីភ្នំពេញ ពិតជាមានការកែលំអរច្រើនលើសួនសាធារណៈ រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរផងដែរ ប៉ុន្តែអ្វីដែលត្រូវកែលំអរបន្ថែមទៀត គួរមានផ្លូវថ្មើជើង ចំណតយានយន្ត និងការតុបតែងបន្ថែម ដើម្បីធ្វើឲ្យមានភាពទាក់ទាញភ្ញៀវទេសចរណ៍ស្នាក់នៅកាន់តែយូរ។
លោកបន្តថា “ជាការពិតភ្ញៀវទេសចរមកទស្សនានៅរាជធានីភ្នំពេញ ពិតជាស្នាក់នៅរយៈពេលខ្លី ដោយសារយើងមិនមានកន្លែងកំសាន្តច្រើនសម្រាប់ពួកគេ ដែលទាមទារឲ្យស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ឋធ្វើការរួមគ្នាលើការងារនេះ”។ លោកបន្ថែមថា “វិស័យទេសចរណ៍ជាវិស័យមួយត្រូវពូនផ្តុំកំលាំងគ្នា ទើបទទួលបានជោគជ័យ ព្រោះបើក្រសួងធ្វើតែឯងក៏មិនជោគជ័យដែរ”៕