រដ្ឋាភិបាលបានបញ្ចប់ផែនការមេអភិវឌ្ឈន៍ប៉ូលទេសចរណ៍ធំៗចំនួន៤ និងគំរោងអភិវឌ្ឍន៍ជាង២០ត្រូវបានដាក់បញ្ចូលនៅខេត្តកែប

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសច​រណ៍ខេត្តកែប បានបញ្ចប់ការសិក្សាស្រាវជ្រាវរបស់ខ្លួននៅក្នុងខេត្តភាគនិរតីមួយនេះ ដោ​យ​បានចងក្រងជា “សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប។

គម្រោងបង្កើតប៉ូលទេសចរណ៍ធំៗចំនួន៤ និងគម្រោងអភិវឌ្ឍន៍ចំនួន២៥១គម្រោ​ង ត្រូវបានដាក់បញ្ចូល ទៅក្នុងសេចក្តីព្រាងផែនការមេនេះ។

បន្ទាប់ពីចងក្រងបានឯកសារព្រាងនេះរួចហើយ គណៈកម្មការអន្តរក្រសួងក៏បានបើកកិច្ចប្រជុំមួយឡើង ដើម្បីត្រួតពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលបន្ថែម ទៅក្នុងសេចក្តីព្រាងផែនការមេនេះ។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងនៅទីស្ដីការក្រសួងទេសចរណ៍នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុន បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា “គោលដៅទេសចរណ៍ធម្មជាតិ សម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់” ដោយគិតទៅលើភាពទាក់ទាញ ភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក ពិសេសគឺត្រូវធានាឱ្យបាននូវសមភាព សមធម៌ តម្លាភាព ចីរភាព និងនវានុវត្តន៍។

លោករដ្ឋមន្ត្រីបានបន្តថា “ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តកែបនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយ ដែលអាចជួយស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ទាំងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ផងដែរ”។

អង្គប្រជុំបានបង្ហាញយុទ្ធសាស្ត្រគោលចំនួន ៩ នៅក្នុងឯកសារព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ រួមមានទី១ យុទ្ធសាស្រ្តអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប ទី២ យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍន៍របៀងទេសចរណ៍ខេត្តកែប ទី៣ យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍ ទី៤ យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ទី៥ យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប។

ទី៦ យុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍវិស័យពាក់ព័ន្ធនានា គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ទី៧ យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្ម ក្នុងវិស័យទេសចរណ៍ខេត្តកែប ទី៨ យុទ្ធសាស្រ្តអភិវឌ្ឍនវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប និងទី៩ យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here