កម្ពុជានឹងបន្ថែមមុខទំនិញសក្តានុពលចំនួន១៥ទៀត ដើម្បីបង្កើនការនាំចេញទៅចិនក្រោមកិច្ចព្រមព្រៀងFTA

0

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានពិភាក្សាលើការបន្ថែមមុខទំនិញសក្តានុពលចំនួន១៥ ពីលើ៥០មុខទំនិញ ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។ នេះបើយោងតាមការលើកឡើងរបស់លោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំលើកទី៧ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

 

លោកស៊ាង ថៃបានមានប្រសាសន៍ថា ដោយផ្អែកតាមអនុសាសន៍របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានណែនាំឱ្យក្រុមការងារសិក្សាស្រាវជ្រាវលើតារាងម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញសក្តានុពលពី៥០មុខទៅជា៦៥មុខទំនិញ ដោយត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានា ដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។

លោកបានបន្ថែមថា ការសិក្សាលើទំនិញទាំង៦៥មុខនេះ ដោយផ្អែកលើឯកសារគោលដែលបានដកស្រង់ចេញពីឯកសារគោលនយោបាយពាណិជ្ជកម្ម និងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមូលដ្ឋានច្បាស់លាស់ និងមានមូលដ្ឋានសម្រាប់ធ្វើការនាំចេញ។

ជាមួយគ្នានេះ លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានស្នើឲ្យក្រុមការងារលេខាធិការដ្ឋានសិក្សាស្រាវជ្រាវបន្ថែមទៀតលើទំនិញគោល១មុខដែលអាចធ្វើការកែច្នៃទៅជាទំនិញជាច្រើនមុខ(ទំនិញដេរីវ៉េ)​តាមរយៈផលិតកម្ម ការកែច្នៃបង្កើតតម្លៃបន្ថែម ដោយត្រូវសិក្សាអំពីលេខបន្ទាត់ពន្ធគយ (HS code) របស់ទំនិញដេរីវ៉េទាំងនោះដែលអាចទទួលបានភាពអនុគ្រោះក្នុងការនាំចេញទៅកាន់ប្រទេសចិន។ ក្រុមការងារគួរពិនិត្យការសិក្សាស្រាវជ្រាវលើទំនិញសំលៀកបំពាក់ដែលផលិតពីរោមសត្វសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសចិន។

ឯកសារយុទ្ធសាស្រ្តពាណិជ្ជកម្មដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា គឺជាឯកសាររស់ ដែលនឹងត្រូវធ្វើការសិក្សាស្រាវជ្រាវលើមុខទំនិញសក្តានុពលជាបន្តបន្ទាប់ទៀត និងត្រូវពង្រីកការសិក្សាស្រាវជ្រាវឯកសារនេះជាមួយបណ្តាប្រទេសដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទាំងថ្នាក់តំបន់ និងទ្វេភាគី ដើម្បីជំរុញការនាំចេញឱ្យបានជាអតិបរមាទៅតាមបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here