ឧកញ៉ាតាន់ មុនីវណ្ណ អះអាងថា មនុស្សប្រមាណ៥០ភាគរយបានប្រើប្រាស់លុយខុសទិសដៅ

0

ដោយ៖ លក្ខិណា

ភ្នំពេញ៖ លោកឧកញ៉ាតាន់ មុនីវណ្ណអនុប្រធាន សភាពាណិជ្ជកម្ម និងជាអគ្គនាយករងក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បាននិយាយនៅក្នុងកម្មវិធីមួយ កាលពីដើមខែមករានេះថា បច្ចុប្បន្ននេះមានមនុស្សមិនតិចជាង៥០ភាគរយទេ បានកំពុងប្រើប្រាស់លុយ ដែលប្រាក់ខែនិងចំណូលខុសទិសដៅ ជាពិសេសអ្នកដែលរកលយបានតិច។

លោកឧកញ៉ាបាននិយាយថា ភាគច្រើនអ្នកដែលរកលុយបានតិច ប្រាក់ខែត្រឹមពីរបីរយដុល្លារ គឺមិនបានយកលុយនោះទៅពង្រីកសមត្ថភាពរបស់ខ្លួន ឬយកលុយទៅពង្រីកឬបង្កើតជាមុខរបរអ្វីមួយឡើយ ដោយពួកគេយកលុយដែលបានមកនោះ ទៅចំណាយលើគ្រួសារខុសទិសដៅ ចំណាយសម្រាប់ការទិញសម្រាប់សម្ភារខុសទិសដៅ ហើយនៅទីបំផុតអ្នកដែលមានប្រាក់ខែ១៥០ ឬពីរបីរយដុល្លារនោះ នៅតែទទួលបានប្រាក់ខែត្រឹមប៉ុណ្ណឹងដដែលសឹងតែមួយជីវិតរបស់ពួកគេ។

លោកបានថ្លែងថា “តាមពិតទៅ មនុស្សដែលមានទិសដៅត្រឹមត្រូវ មានប្រាក់ខែ១៥០ដុល្លារ២០០ដុល្លារក្ដី បើសិនជាពួកគាត់ចេះសន្សំ ចេះត្បិតត្បៀតនិងយកទៅពង្រីកសមត្ថភាពរបស់ពួកគាត់ នឹងអាចរកលុយបានច្រើនជាងអ្វីដែលពួកគាត់ទទួលបានពេលនេះ ជាក់ស្ដែងសូម្បីតែអ្នករត់តុក៏អាចពង្រីកសមត្ថភាព ទៅរៀនភាសាបរទេសបន្ថែម ដើម្បីទៅរកកន្លែងណាដែលមានភ្ញៀវជនបរទេស ចេះនិយាយជាមួយជនបរទេសដូចជាចិន ដែលកំពុងមានវត្តមានច្រើននៅកម្ពុជា គឺពួកគាត់នឹងទទួលបានប្រាក់ខែខ្ពស់ជាងអ្នករត់តុធម្មតា”។

លោកបន្ថែមថា ការពង្រីកសមត្ថភាព មិនសំដៅទៅលើការរៀនយកបរិញ្ញាបត្រ ឬយកអនុបណ្ឌិតនោះទេ គឺសមត្ថភាពនៅមជ្ឈដ្ឋានធ្វើការរាល់ថ្ងៃ ដូចជាសន្សំលុយដែលខ្លួនធ្វើការបានតែមួយខែ២០ដុល្លារឬក៏៥០ដុល្លារទៅរៀនជំនាញណាមួយ សម្រាប់បើកអាជីវកម្មជារបស់ខ្លួន ដោយមិនចាំបាច់ធ្វើការឱ្យគេអស់មួយជីវិតនោះឡើយ ។

លោកបញ្ជាក់ថា មនុស្សម្នាក់ៗត្រូវចេះជំនាញមួយជា ដាច់ខាត និងត្រូវចេះភាសាបរទេសមួយ ឬក៏ពីរ បើសិនជាមិនមានជំនាញអ្វីសោះហើយថែមទាំងចេះតែភាសាកំណើតមួយ គឺពិតជាជួបការលំបាកគេច មិនផុតនោះឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here