ដោយៈ រ៉ាណេត
សៀមរាបៈ បន្ទាប់ពីបានជួបភាពស្ងប់ស្ងាត់ នៃដំណើរការលើជើងហោះហើរនៅក្នុងតំបន់ ដែលបណ្តាលមកពីការរាលដាលនៃជំងឺឆ្លង កាលពីអំឡុងឆ្នាំ២០២០កន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងដាក់សំណើទៅខាងអាកាសចរណ៍ស៊ីវិល ដើម្បីបើកឱ្យមានជើងហោះហើរ នៅក្នុងតំបន់ឡើងវិញ ក្រោយពេលស្ថានភាពប្រឈមត្រូវបានថមថយ។
អភិបាលនៃគណអភិបាលខេត្តសៀមរាប លោកទៀ សីហា បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ថា រដ្ឋបាលខេត្តគ្រោងស្នើសុំខាងអាកាសចរណ៍ ស៊ីវិល ដើម្បីបើកដំណើរការជើងហោះហើរទូលាយឡើងវិញ បន្ទាប់ពីជួបភាពអសកម្មមួយរយៈពេលកន្លងមកនេះ ដោយសារការឆ្លងរាលដាលជាសកល នៃជំងឺកូវីដ-១៩ ដោយរំពឹងថា អាចចាប់ផ្តើមដំណើរការនាចុងឆ្នាំ២០២១ឬដើម ឆ្នាំ២០២២ខាងមុខ។
លោកបន្តថា “បច្ចុប្បន្ននេះ យើងបានរៀបចំមជ្ឈមណ្ឌលពិសោធន៍ រកកូវីដ-១៩ថ្មី និងត្រៀមដាក់ដំណើរការរួចរាល់ជាស្ថាពរ។ មជ្ឈមណ្ឌលពិសោធន៍រកមេរោគកូវីដ-១៩ថ្មីនេះ មានទំហំធំជាងមុនមានលទ្ធភាពក្នុងការធ្វើតេស្តភា្លមៗ បានចំនួនប្រមាណ១០០ករណីក្នុង១ថ្ងៃ និងដឹងលទ្ធផលត្រឹម២ឬ៣ម៉ោងប៉ុណ្ណោះ”។ លោកបន្តថា “ឥឡូវនេះរដ្ឋបាលខេត្តសៀមរាប ជាពិសេសមន្ទីរសុខាភិបាលខេត្តកំពុងជំរុញ និងធ្វើមណ្ឌលពិសោធន៍ថ្មីធំជាងមុន ដើម្បីមានលទ្ធភាពធ្វើតេស្តភ្លាមៗ នៅក្នុងខេត្តសៀមរាបរបស់យើង”។
លោកបន្តថា បច្ចុប្បន្ននេះយើងមានមណ្ឌលពិសោធន៍មួយហើយ ដែលយើងអាចធ្វើតេស្តត្រឹមតែពីរម៉ោងគឺអាចដឹងលទ្ធផល ក៏ប៉ុន្តែមិនទាន់គ្រប់លទ្ធភាពក្នុងការបើកជើងហោះហើរនៅក្នុងខេត្តរបស់យើងទេ អ៊ីចឹងមណ្ឌលពិសោធន៍ដែលធ្វើថ្មីនេះ យើងមានលទ្ធភាពក្នុងការធ្វើតេស្ត១០០ករណីក្នុងមួយថ្ងៃ ក្នុងរយៈពេលពីរម៉ោងទៅបីម៉ោង អ៊ីចឹងយើងគិតថា នឹងអាចផ្លាស់ប្តូរនូវផ្នត់គំនិតមួយ អាចថាមិនត្រឹមតែចុះនៅរាជធានីភ្នំពេញ ឬខេត្តព្រះសីហនុទេ គឺអាចចុះនៅខេត្តសៀមរាបយើង ក្នុងការធ្វើចត្តាឡីស័ក ឬមួយក៏រៀបចំធ្វើកម្មវិធីផ្សេងៗ។
លោកទៀ សីហាបានបន្តថា “ខ្ញុំជឿជាក់ថាកំណើនអ្នកដំណើរអ្នកដំណើរតាមផ្លូវអាកាសអាចមានសន្ទុះឡើងវិញ នៅចុងឆ្នាំ២០២១ ឬ២០២២នេះ មណ្ឌលពិសោធន៍ចប់គឺយើងអាចមានលទ្ធភាព ក្នុងការស្នើសុំទៅអាកាសចរណ៍ស៊ីវិល ក្នុងការបើកជើងហោះហើរឡើងវិញ”៕