ដោយ ៖ រ៉ាណេត
ភ្នំពេញ៖នៅដើមឆ្នាំ២០២១ដែលកម្ពុជាកំពុងត្រៀមអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិន ក្រុមហ៊ុនថ្មីចំនួន៣ទៀតត្រូវបានរដ្ឋាភិបាលសម្រេចគាំទ្រ និងអនុម័តឱ្យដាក់ទីតាំងផលិតកម្ម និងដំណើរប្រតិបត្តិការនៅក្នុងខេត្តក្រុងចំនួន៣ផ្សេងគ្នាដោយមានទុនវិនិយោគសរុបជិត៩លានដុល្លារ បង្កើតឱកាសការងារបានជិត១៣០០កន្លែង។
តបតាមសំណើសុំវិនិយោគលើគម្រោង៣ចំនួនក្នុងវិស័យឧស្សាហកម្មដោយការបង្កើតរោងចក្រស្ថិតនៅក្នុងខេត្តក្រុងចំនួន៣ផ្សេងគ្នា កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចគាំទ្រ និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖
ទី១- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧១៨កន្លែង។
ទី២- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JIAN YUAN TONG GARMENT CO., LTD មានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៦៤កន្លែង។
ទី៣- គម្រោងបង្កើតរោងចក្រផលិតធុងទឹកកករបស់ក្រុមហ៊ុន POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០០កន្លែង៕