ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ CATA នឹងរៀបចំពិព័រណ៍ទេសចរណ៍លើកដំបូង ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ខែកក្កដាខាងមុខ ក្នុងសាលពិពរ័ណ៍កោះពេជ្រ។ ពិព័រណ៍ទេសចរណ៍នេះធ្វើឡើង ក្រោមប្រធានបទ “កំណប់ទ្រព្យទេសចរណ៍កម្ពុជា” ដើម្បីបំផុសបំផុលបន្ថែមក្នុងវិស័យទេសចរណ៍។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ ក្នុងសន្និសីទសារព៌តមាននារសៀលថ្ងៃទី៤ មិថុនាកន្លងមកថា ប្រធានបទ“កំណប់ទ្រព្យទេសចរណ៍កម្ពុជា” គឺចង់រម្លឹករំលេចដល់យុវជន ក៏ដូចជាប្រជាជនទូទៅថា តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍វប្បធ៌ម មានតម្លៃពុំអាចកាត់ថ្លៃបាននោះទេ។ ក្នុងនោះរាល់សេវាកម្មទេសចរណ៍ទាំងអស់ ក៏មានសារៈសំខាន់ខ្លាំងក្នុងការបម្រើវិស័យទេសចរណ៍អោយកាន់តែប្រសើរផងដែរ។
-->

លោកស្រីបន្តថា ក្នុងពិព័រណទេសចរណ៍នាពេលខាងមុខនេះ នឹងមានការចូលរួមពីសហគ្រាសពាក់ព័ន្ឋក្នុងវិស័យទេសចរណ៍ ដូចជា បណ្ដាសណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន អាកាសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ រថយន្តដឹកជញ្ជូន កាណូតល្បឿនលឿន រថភ្លើងជាដើម។
ពិព័រណ៍ខាងមុខនេះ មានស្តង់ចូលរួមទាំងអស់ចំនួន១៥០ស្តង់ ដោយ១០០ស្តង់សម្រាប់ទីភ្នាក់ងារទេសចរណ៍ និង៥០ស្តង់ទៀត សម្រាប់តាំងផលិតផលទេសចរណ៍ដូចជា វត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារបែបខ្មែរ ដោយសមាគមសហគ្រិនស្រ្តីកម្ពុជា។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោក ហូ វ៉ាន់ឌី បានថ្លែងថា ពិព័រណ៍ទេសចរណ៍ដំបូងនេះ នឹងជំរុញអោយទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុកកាន់តែផុសផុលខ្លាំង។ លោកបន្តថា ពិព័រណ៍ខាងមុខនេះ ក៏ជាឱកាសម្រាប់អ្នកផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ជួបជាមួយអ្នកផ្គត់ផ្គង់សេវាកម្មទេសចរណ៍ដទៃទៀត ដែលអាចជាឱកាសធ្វើការចាប់ដៃគូរសហការគ្នាបន្ថែម ហើយក៏ជាឱកាសសម្រាប់អតិថិជន មកជួបជាមួយអ្នកផ្គត់ផ្គង់សេវាកម្មទេសចរណ៍ សួរនាំពីព័ត៌មាន និងទិញសេវាដោយផ្ទាល់ផងដែរ៕