ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ រដ្ឋមន្រ្តីសំខាន់ៗមកពីក្រសួងចំនួនបី បានរួមគ្នារៀបចំវេទិកាជាតិអេកូទេសចរណ៍នៅខេត្តសៀមរាប ដើម្បីជម្រុញនិងលើកស្ទួយវិស័យនេះ ឲ្យមានភាពរីកចម្រើនប្រកបដោយនរន្តរភាព។
រដ្ឋមន្រ្តីទាំងនោះរួមមាន លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្ដរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្រ្តៃយ៍ (ក.គ.អ.អ.) និង លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន (ក.គ.អ.អ.) នៅខេត្តសៀមរាប។
អង្គវេទិកានឹងប្រព្រឹត្តទៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង- ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី-ខេត្ត ដែលជាសមាជិកក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មន្ទីរជំនាញពាក់ព័ន្ធទាំងបី គឺទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធដែលធ្វើការងារពាក់ព័ន្ធនឹងសហគមន៍ តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ សមាគមក្នុងវិស័យទេសចរណ៍ និងភាគីពាក់ព័ន្ធជាច្រើនទៀត។
អង្គវេទិកាប្រព្រឹត្តទៅដោយមានការរៀបចំ ជាកិច្ចពិភាក្សាបច្ចេកទេស (Panel Discussion) ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ អញ្ជើញមកពីស្ថាប័នសាធារណៈ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដៃគូជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធនានា ដោយលទ្ធផលនៃកិច្ចពិភាក្សានេះ នឹងត្រូវបញ្ចូលជាខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍លើកទី២ ស្តីពីការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលនឹងពិភាក្សា និងអនុម័តនាពិធីបិទវេទិកា។
កិច្ចពិភាក្សាបច្ចេកទេសនឹងផ្តោតលើប្រធានបទសំខាន់ចំនួនបីដូចជា ទី១ ការវិវត្តន៍ និងអនាគតនៃវិស័យអេកូទេសចរណ៍ និងសហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩ ទី២ ភាពជាដៃគូបំពេញគ្នារវាងការអភិវឌ្ឍ និងការអភិរក្ស ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងទី៣ ការគាំទ្រក្របខណ្ឌគោលនយោបាយអន្តរវិស័យ និងយន្តការជម្រុញការអភិវឌ្ឍសហគមន៍។
ទន្ទឹមនឹងនេះ អង្គវេទិកាក៏មានរៀបចំជាពិព័រណ៍ខ្នាតតូច ស្តីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដើម្បីបង្ហាញ ពីផលិតផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។
ព្រមជាមួយអង្គវេទិកា នឹងមានរៀបចំដំណើរទស្សនកិច្ចសិក្សា (Technical Tour)ទៅកាន់តំបន់សហគមន៍សំខាន់ៗ មួយចំនួនក្នុងខេត្តសៀមរាប ដូចជាសហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ សហគមន៍ទេសចរណ៍ភ្នំគូលែន សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ សហគមន៍ភូមិធម្មជាតិរុនតាឯក សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី៕