ក្រុមហ៊ុន​ក្នុងស្រុក​មួយ​គ្រោង​វិនិយោគ​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​ក្នុង​ខេត្តកំពង់ចាម

0

ដោយ​គង់ សូរិយា

កំពង់ចាមៈ អភិបាលខេត្ត​កំពង់ចាម លោក​អ៊ុន ចាន់​ដា បាន​ឲ្យ​ដឹងថា ក​ក្រុមហ៊ុនក្នុងស្រុក​មួយ​បាន និង​កំពុង​រៀបចំ​គំរោង​វិនិយោគ​វារីវប្បកម្ម និង​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​ក្នុង​ខេត្ត​នេះ។

ក្រុមហ៊ុន​ដែល​ទទួលបាន​គំរោង​វិនិយោគ​នោះ គឺ​ក្រុមហ៊ុន​ផា​រ័ត្ន​រតនៈ ដែល​នឹង​សាងសង់​គម្រោង​វារីវប្បកម្ម និង​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ថ្មី​មួយកន្លែង លើ​ផ្ទៃដី​ជាង៧ ហិច​តា នៅ​ទំនប់​ចក​បឹង​ធំ ក្នុងភូមិ​កំពង់​សំណាញ់ ស្រុក​ព្រៃឈរ។

តាម​ការ​ឲ្យ​ដឹង​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា គម្រោង​មួយ​នេះ នឹងត្រូវ​ចែកចេញជា ៤ផ្នែក ដោយ​ផ្នែកសំខាន់ៗចំនួន៣ ទាក់ទិន​នឹង​ការងារ​វារីវប្បកម្ម រួមមាន ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ជម្រុញ​ការផលិត​ពូជ​ត្រី ការបង្កើត​ទីតាំង​ច​ញ្ចឹ​ម​ត្រី ដែលមាន​ស្ដង់ដា និង​ការសាងសង់​មន្ទីរពិសោធន៍ អគារ​រដ្ឋបាល ក៏ដូចជា​រោងចក្រ​ផលិត​ចំណី​ត្រី។ចំណែក​ផ្នែក​ទី៤ គឺ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ ដោយ​នឹង​សាងសង់​អាគារ​សាល​ពិ​ព័រ​ណ៌​ជីវៈ​មច្ឆា និង​សួនផ្កា​ត្រូពិច​បែប​ប្លែក​ថ្មី​ក្នុង​តំបន់។

ជាមួយគ្នានេះ លោក​ឧកញ៉ា ពាង ផា​រ័ត្ន តំណាង​ក្រុមហ៊ុន​ផា​រ័ត្ន​រតនៈ បានឱ្យដឹងថា គម្រោង​នេះ​នឹង​ជួយ​កាត់បន្ថយ​បទល្មើស​នេសាទ ដោយ​ផ្លាស់ប្ដូរ​ពី​ការនេសាទ​ខុសច្បាប់​នា​រដូវ​ត្រី​ពង និង​ការបំពុល​បរិស្ថាន មក​ធ្វើ​វារីវប្បកម្ម​បែប​ទំនើប​វិញ។

លើសពីនេះ គម្រោង​ក៏​នឹង​ជួយ​លើកកម្ពស់​កម្រិតជីវភាព របស់​ប្រជាកសិករ​ក្នុង​តំបន់ តាមរយៈ​ការប្រមូលទិញ​ផលិតផល ដែល​ប្រជាពលរដ្ឋ​រកបាន​ផងដែរ។ទោះជា​យ៉ាងណា​លោក​ឧកញ៉ា មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ទុនវិនិយោគ និង​ការបញ្ចប់​គំរោង​នេះ​នៅពេលណា​នៅឡើយ​ទេ៕ ប្រភព Construction-property.com

LEAVE A REPLY

Please enter your comment!
Please enter your name here