អាជ្ញាធរខេត្តព្រះសីហនុព្រមានចាត់វិធានការក្ដៅចំពោះអ្នករំលោភដីឆ្នេរសមុទ្រ

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈអាជ្ញាធរខេត្តព្រះសីហនុ តាមរយៈរដ្ឋបាលស្រុកស្ទឹងហាវ បានធ្វើការព្រមានចាត់វិធានការក្ដៅ ទៅលើបុគ្គលមួយចំនួនដែលកំពុងបំពាន និងរំលោភយកដីឆ្នេរសមុទ្រ និងតម្រូវឱ្យបញ្ឈប់សកម្មភាពចាក់លុបសមុទ្រ និងកាយដីចេញវិញជាបន្ទាន់។

តាមរយៈសេចក្ដីជូនដំណឹងបន្ទាន់របស់រដ្ឋបាល ស្រុកស្ទឹងហាវលេខ ០១៨/២១ សជណ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះបានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ ពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូន សហការនឹងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ទទួលខុសត្រូវសាងសង់កំណាត់ផ្លូវលេខ១៤៨ នៅចំណុចទីតាំងមុខក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានធ្វើការវាងផ្លូវចាស់កាត់ទីតាំងដីជាប់ឆ្នេរសមុទ្រ ដោយនៅទីតាំងនោះ ក៏មានប្រជាពលរដ្ឋដែលមិនស្គាល់ឈ្មោះ ឆ្លៀតឱកាសដើម្បីចាក់ដីចូលក្នុងសមុទ្រ។

រដ្ឋបាលស្រុកស្ទឹងហាវ សូមជូនដំណឹងដល់អ្នក ដែលបានលួចធ្វើសកម្មភាពចាក់ដីចូលសមុទ្រនៅពេលយប់កន្លងមកនេះថា ដីចំណីឆ្នេរសមុទ្រត្រូវបានចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់រាល់ការកាន់កាប់ ឬសាងសង់សំណង់នានា ហើយបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាប្រយោជន៍។

ការអនុញ្ញាតក្នុងការប្រើប្រាស់ដីចំណីឆ្នេរសមុទ្រ ត្រូវបានអនុវត្តតាមប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានសេចក្តីណែនាំលម្អិត សម្រាប់អនុវត្តនិងបទប្បញ្ញាត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពសាធារណៈសង្គម និងបរិស្ថាន ។

ដូចនេះ រដ្ឋបាលស្រុកតម្រូវឲ្យអ្នកចាក់ដីចូលសមុទ្រ នៅទីតាំងទល់មុខក្រុមហ៊ុនតេលា ធ្វើការកាយចេញវិញជាបន្ទាន់ និងចេញមុខមកដោះស្រាយជាមួយរដ្ឋបាលស្រុក ពុំនោះទេរដ្ឋបាលស្រុក នឹងចាត់វិធានការកាយដីនេះចេញ និង បន្តស្វែងរក អ្នកដែលបានចាក់ដីចូលដីឆ្នេរសមុទ្រ ដើម្បីមានវិធានការតាមផ្លូវច្បាប់។

អនុលោមតាមសារាចរណែនាំ លេខ០១ សរណន ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា និងយោងកំណត់ហេតុចុះ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ និងកំណត់ហេតុ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ របស់រដ្ឋបាលស្រុកស្ទឹងហាវ ស្តីពីការចុះពិនិត្យ និងផ្អាកសកម្មភាពការចាក់ដីចូលសមុទ្រស្ថិតនៅមុខក្រុមហ៊ុនតេលា ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយគ្មានលិខិតការអនុញ្ញាត គ្មានអ្នកចេញមុខមកទទួលខុសត្រូវ ព្រមទាំងបានគេចពីអាជ្ញាធរមានសមត្ថកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here