ការសិក្សា៖ ពលរដ្ឋខ្មែរប្រមាណ៤៥ភាគនៅក្រុងព្រះសីហនុជាប់បំណុលធនាគារលើការវិនិយោគសំណង់សម្រាប់ជួលឱ្យជនជាតិចិន

0

ដោយ ៖ រ៉ាណេត
ព្រះសីហនុ៖យោងតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា នៅដើមឆ្នាំ២០២១នេះពលរដ្ឋខ្មែរនៅខេត្តព្រះសីហនុប្រមាណជាង៤០ភាគរយកំពុងជាប់បំណុលធនាគារឯកជនបន្ទាប់ពីខ្ចីធ្វើជាដើមទុនលើការវិនិយោគសាងសង់សំណង់អគារសម្រាប់ជួលឱ្យជនជាតិចិន។

ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគី សិរីវឌ្ឍ បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ផ្អែកតាមការសិក្សាទៅលើមនុស្សមួយក្រុមដែលជាជាតិខ្មែរ មានទាំងអ្នករស់នៅក្នុងក្រុងព្រះសីហនុ(មួយចំណែកធំ) ក៏ដូចជាអ្នកវិនិយោគនៅក្នុងក្រុងភ្នំពេញកំពុងតែជាប់បំណុលធនាគារដោយសារតែខ្ចីធ្វើជាដើមទុនសម្រាប់វិនិយោគ និងសាងសង់សំណង់អាគារនានាដូចជាផ្ទះជួល ខុនដូរ កាស៊ីណូ សណ្ឋាគារ ម៉ូតែល និងភោជនីដ្ឋានជាដើមក្នុងគោលបំណងជួលឱ្យជនជាតិចិន ប៉ុន្តែត្រូវបានអាក់ខានដោយសារតែជនជាតិចិនប្រមាណ៨០ភាគរយនៃចំនួនសរុបបានវិលត្រឡប់ទៅប្រទេសវិញក្រោយការប្រកាសបិទល្បែងតាមអនឡាញ ជាពិសេសក្រោយផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ១៩។

លោកបានបញ្ជាក់ថា “កាលពីឆ្នាំ២០១៩ ជនជាតិចិនប្រមាណ៩០ភាគរយនៃជនបរទេសបានចូលមករស់នៅ និងប្រកបការងារជំនាញក្នុងក្រុងព្រះសីហនុ ខណៈដែលកំណើនទេសចរណ៍ជាតិ និងអន្តរជាតិនៅក្នុងក្រុងព្រះសីហនុ បានកើនឡើង៧០០ភាគរយ ហើយតម្លៃអចលនទ្រព្យមានការកើនឡើងស្ទើរ១០០ភាគរយ ឬលើសនេះអាស្រ័យទៅតាមតំបន់ក្រោមការអភិវឌ្ឍសម្រាប់ជួលឱ្យជនជាតិចិន”។

លោកថា ក្នុងចំណោមសណ្ឋាគារ ១៥៦ទីតាំង មាន ១៥០ទីតាំង ត្រូវគ្រប់គ្រងដោយជនជាតិចិន និងហាងម៉ាស្សាជាង៤០កន្លែង ក៏ត្រូវបានជួលដោយជនជាតិចិន និង៩៥ភាគរយនៃ ៤៣៦ភោជនីយដ្ឋាន ក៏ត្រូវបានគ្រប់គ្រងដោយជនជាតិចិន។

លោកបណ្ឌិតគី សិរីវឌ្ឍ បានមានប្រសាសន៍បញ្ជាក់ថា “ពាក់ព័ន្ធទៅនឹងទំហំទឹកប្រាក់សរុបដែលជំពាក់ធនាគារឯកជនរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅទូទាំងក្រុងព្រះសីហនុយើងមិនអាចដឹងបានច្បាស់នោះទេ ប៉ុន្តែក្នុងចំណោមម្ចាស់អគារ១៨៦ មានប្រមាណ៤៥ភាគរយដែលកំពុងជាប់បំណុលធនាគារឯកជន”។

លោកបានបន្តឱ្យដឹងថា តាមការកត់សម្គាល់ បច្ចុប្បន្នមានជនជាតិចិនប្រមាណ២០ភាគរយបានវិលត្រឡប់ចូលមករស់នៅក្នុងក្រុងព្រះសីហនុវិញ ប៉ុន្តែទោះជាយ៉ាងណាកំណើននៃការជួលអគារហាក់នៅមិនទាន់មានសន្ទុះនៅឡើយនោះទេ ដោយសារតែភាគច្រើនសំណង់អគារត្រូវបានក្រុមហ៊ុន និងជនជាតិចិនជួល និងស្ថិតនៅក្នុងកុងត្រាចាស់ ដូច្នេះទោះជាជនជាតិចិនចូលមករស់នៅ និងប្រកបអាជីវកម្មក្នុងក្រុងព្រះសីហនុក៏កំណើននៃការជួយលអគារថ្មីបន្ថែមនៅមិនទាន់មានខ្លាំងនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here