ដោយៈ ប៊ី
ភ្នំពេញៈ ឆ្នាំ២០២១ ត្រូវបានមើលឃើញថា ទីផ្សារអចលនទ្រព្យនឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការផ្គត់ផ្គង់ក្នុងអំឡុងពេល១២ខែ ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងចំនួន២៧៩ កំពុងដំណើរការសាងសង់នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន CBRE Cambodia នៅថ្ងៃទី១៦ ខែមីនា ២០២១។
ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ឆ្នាំ២០២១ មិនមែនគ្រាន់តែជាឆ្នាំថ្មីទេ ប៉ុន្តែហាក់ដូចជាឆ្នាំដ៏សំខាន់មួយ ដែលមានសញ្ញាវិជ្ជមានជាច្រើន ជាពិសេសវ៉ាក់សាំងកូវីដ១៩ ត្រូវបានចែកចាយជាបណ្តើរៗនៅទូទាំងពិភពលោក និងចាប់ផ្តើមមានការផ្លាស់ប្តូរលើសេដ្ឋកិច្ច និងស្ថាប័ននានា។
នៅប្រទេសកម្ពុជា ការចែកចាយវ៉ាក់សាំងបង្ហាញពីការបញ្ចប់នៃជំងឺរាតត្បាត ដែលកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ ២០២០ ហើយជាមួយនេះយើងរំពឹងថានឹងមានការកើនឡើងជារួមនៅក្នុងទីផ្សារអចលនទ្រព្យ។
ជាមួយគ្នានេះដែរវិបត្តិកូវីដ១៩ បានដាក់សម្ពាធកាន់តែខ្លាំងឡើង សម្រាប់ប្រតិបត្តិការសាងសង់។ វិបត្តិនេះមានន័យថា មានតម្រូវការលើការសំអាតកាន់តែច្រើន សន្តិសុខតឹងរឹង ការធ្វើអនាម័យជាប្រចាំនៃគម្រោងអចលនទ្រព្យ និងបង្កើនការគ្រប់គ្រងភ្ញៀវ និងនីតិវិធីរដ្ឋបាលជាដើម។