ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនOCIC បានឲ្យដឹងថា គំរោងD.I REVIERA ដែលគ្រោងវិនិយោគ៧០០លានដុល្លារអាមេរិក ស្ថិតនៅលើទីក្រុងកោះពេជ្រ បាននិងកំពុងផ្លាស់ប្តូរផែនការមេអភិវឌ្ឍន៍របស់ខ្លួនហើយ។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ក្រុមហ៊ុនបាននិងកំពុងផ្លាស់ប្តូរផែនការមេ លើការអភិវឌ្ឈន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន ដែលបច្ចុប្បន្នបាននិងកំពុងដំណើរការសាងសង់ឡើងវិញ នាពេលបច្ចុប្បន្ននេះ។ លោកបន្តថា អាគារមេក្នុងគំរោងនេះ ដែលដើមឡើយមានចំនួនបី និងគ្រោងសាងសង់អាងទឹកនៅពីខាងលើ ប្រវែងប្រមាណ២០០ម៉ែត្រ នឹងត្រូវផ្លាស់់ប្តូរ ដោយមិនមានការសាងសង់អាងទឹកពីលើអាគារនេះនោះទេ។
លោកបន្តថា “ជាមួយគ្នានេះ គម្រោងអាគារកំពស់៣៨ជាន់ នៅផ្នែកខាងក្រោយចំនួនបីនឹងលុបចោលមួយអាគារ ហើយយក្រុមហ៊ុននឹងបន្តការសាងសង់ តែអាគារចំនួនពីរប៉ុណ្ណោះ”។ លោកបន្តថា “ក្រុមហ៊ុនសហគ្រាសកាណាឌីយ៉ា បានយកគំរោងនេះ ត្រលប់មកវិញពីអ្នកវិនិយោគ ដោយសារពួកគេមានបញ្ហាទុនវិនិយោគ និងធ្វើឲ្យគំរោងនេះជាប់គាំង ហេតុនេះទើបយើងទទួលយកគំរោងនេះមកអភិវឌ្ឍន៍ឡើងវិញ”។






