ដោយៈប៊ី
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារលំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារ នៅតែមានភាពពេញនិយម និងចាប់យកចំណែកទីផ្សារក្នុងស្រុក នៅដើមឆ្នាំ២០២១នេះ ខណៈគម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ បាននិងកំពុងពង្រីកខ្លួនទៅគ្រប់ទិសទាំងអស់ នៃទីក្រុងភ្នំពេញ។ 
លោកស្រីអាន សុធីតានាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលថ្មីៗនេះថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យបាន និងកំពុងពង្រីកទៅគ្រប់ទិសទាំងអស់នៃទីក្រុងភ្នំពេញ។
លោកស្រីបានថ្លែងថា “តម្រូវការលំនៅដ្ឋានតម្លៃចន្លោះពី៣ម៉ឺន ទៅដល់១០ម៉ឺនដុល្លារ ជាតម្លៃសមរម្យមួយ សម្រាប់ប្រជាជនអាចមានលទ្ធភាពវិនិយោគ ឬទិញសម្រាប់រស់នៅនៅតែមានកំណើន ធៀបនឹងលំនៅដ្ឋាន ដែលមានតម្លៃចាប់ពី១០ម៉ឺនឡើងទៅ”។
លោកស្រីសុធីតាបាននិយាយថា ទោះបីយ៉ាងក៏ដោយ វិបត្តិកូវីដ១៩នៅបន្តប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជា និងនៅតែមិនទាន់មានភាពល្អប្រសើរ ដូចមុនសម័យកូវីដ១៩ ប៉ុន្តែដោយសារកម្លាំងទិញស្រុក បានធ្វើឱ្យទីផ្សារលំនៅដ្ឋានតម្លៃសមរម្យ មិនសូវជាទទួលរងផលប៉ះពាល់ខ្លាំងនោះទេ”។
លោកស្រីបានរំពឹងថា ទីផ្សារអចលនទ្រព្យត្រូវការ រយៈពេលពី៦ដល់៩ខែទៀត ទើបវិស័យនេះ អាចវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ព្រោះវាទាមទារឱ្យមានទំនុកចិត្តវិនិយោគឡើងវិញពីទាំងក្នុង និងក្រៅស្រុក។






