ដោយៈ រ៉ាណេត
ភ្នំពេញៈ ខណៈពេលដែលចំណែកខ្លះ នៃទីផ្សារអចលនទ្រព្យកំពុងជួបភាពប្រឈម និងមានការធ្លាក់ចុះដោយសារតែបញ្ហានៃវិបត្តិកូវីដ១៩ កំពុងញាំញីគួរឱ្យព្រួយបារម្ភនោះ សម្រាប់តែតម្រូវការនៃសាវាថែទាំអចលនទ្រព្យ ឬProperty Management មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបទៅនឹងឆ្នាំមុន។
មន្ត្រីស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ ប្រចាំនៅក្រុមហ៊ុនអន្តរជាតិ CBRE Cambodia កញ្ញាគឹម គិនកេសាបានប្រាប់ឱ្យដឹង តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា សម្រាប់តម្រូវការនៃការផ្តល់សេវាកម្មគ្រប់គ្រង និងថែទាំអចលនទ្រព្យនៅពេលបច្ចុប្បន្ននេះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅគឺមានការកើនឡើង ជាពិសេសប្រភេទអចលនទ្រព្យដែលមានម្ចាស់ច្រើន ក៏ដូចជាអគារដែលមានមនុស្សចេញចូលច្រើន ដូចជា ខុនដូ អាផាតម៉ិន អគារពាណិជ្ជកម្ម និងសណ្ឋាគារជាដើម។
កញ្ញាបានបន្តថា “កាលពីឆ្នាំមុនៗបន្តិច ព្រោះបច្ចុប្បន្នយើងឃើញមានតម្រូវការផ្នែកសេវាថែទាំអចលនទ្រព្យ ឬProperty management ពីសំណាក់ម្ចាស់អគារច្រើនជាងមុន ដោយសារតែពួកគាត់មានការបារម្ភ ទៅលើសុវត្ថិទូទៅនៅក្នុងអគាររបស់ពួកគាត់ ហើយក្នុងនោះម្ចាស់បុរីខ្លះក៏កំពុងផ្តោតចំណាប់អារម្មណ៍ផងដែរ”។

កញ្ញាបានបន្តថា “ពួកគាត់ចំណាយលុយ ដើម្បីទទួលបានសេវាកម្មផ្នែកថែទាំ ប៉ុន្តែផលប្រយោជន៍ ដែលពួកគាត់ទទួលយកត្រឡប់ទៅវិញក៏មានច្រើន ដែលក្រៅពីអាចថែរក្សានូវគុណភាព និងសោភ័ណភាពសំណង់បានយូរ និងកើនតម្លៃ ពួកគាត់ថែមទាំងមានភាពងាយស្រួលក្នុងការរៀបចំនូវប្រព័ន្ធសុវត្ថិអគារ ក៏ដូចជា សុវត្ថិភាពអ្នករស់នៅ និងចេញចូលក្នុងអគារជាប្រចាំផងដែរ”។






