ដោយៈឡោ វិចិត្រ
ភ្នំពេញៈ រយះពេលពីទស្សវត្សរ៍ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានសម្រេចជាមធ្យម7% គិតចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨គឺក្រោយរការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំបាននាំមកនូវសមាហរណកម្ម នៃកងទ័ពទាំងអស់លើផ្ទៃដីកម្ពុជាក្រោមរាជរដ្ឋាភិបាលជាតិតែមួយ ដែលនាំឲ្យមានសន្តិភាពពេញលេញ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
កម្ពុជាបានក្លាយជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា ASEAN នាថ្ងៃទី៣០កុម្ភះ១៩៩៩ ដែលនៅពេលនោះកម្ពុជាជាកូនពៅ នៃសមាគមតំបន់មួយនេះ។
កំណើនសេដ្ឋកិច្ចកម្ពុជាជាមធ្យម7% ចាប់ពីឆ្នាំ១៩៩៨ បានធ្វើឲ្យសមាជិកចុងក្រោយនៃ Asean នាពេលនោះបានក្លាយជាប្រធាន ដឹកនាំសមាគមក្នុងតំបន់ពេញមួយឆ្នាំនៅឆ្នាំ២០០២ និង២០១២ដែលប្ររព្ធធ្វើនៅរាជធានីភ្នំពេញ។
បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ នាចុងឆ្នាំ១៩៩៨ កម្ពុជាក៏បានក្លាយជាសមាជិកអង្គការពាណិជ្ចកម្មពិ ភពលោកហៅកាត់ WTO នាឆ្នាំ២០០៤ ។
កត្តាសន្តិភាព និងការចូលរួមជាសមាជិកនៃអង្គការ ក្នុងតំបន់និងអន្តរជាតិបានធ្វើឲ្យកម្ពុជា លេញមុខលេញមាត់សារជាថ្មីម្តងទៀត លើឆាកអន្តរជាតិ និងមានកត្តិយសដ៏ឧត្តុងឧត្តម ដែលបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូល Asean នាឆ្នាំ ២០០២ និង ២០១២ ដែលមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំអង្គប្រជុំ។
សន្តិភាព និងការពង្រីកទំហំពាណិជ្ចកម្មទ្វេភាគី ចតុភាគី និងពហុភាគីរវាងកម្ពុជានិងប្រទេសជិតខាង និងប្រទេសនៅក្នុងតំបន់ បានធ្វើឲ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម៧% រយះពេល២០ឆ្នាំ ដែលធ្វើឲ្យកម្ពុជាក្លាយជាសេដ្ឋកិច្ច ដែលមានសន្ទុះខ្លាំងជាងគេនៅក្នុងតំបន់។
វិស័យអចលនទ្រព្យកម្ពុជា ជាវិស័យមួយក្នុងចំណោមវិស័យផ្សេងៗទៀត ដែលទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោយកម្ពុជាទទួលបានសន្តិភាពពេញលេញព្រមទាំងសមាហរណកម្មសេដ្ឋកិច្ច។
កំណើនសេដ្ឋកិច្ចជាង២ទស្សវត្សរ៍ចុងក្រោយ ក៏បាននាំមកនូវកំណើនប្រាក់ចំណូលរបស់ប្រជាកម្មករ ដែលប្រកបការងារក្នុងវិស័យកាត់ដេរ រហូតដល់៨០០,០០០នាក់ដែលកត្តានេះផងដែរ បានជុំរុញឲ្យមានកំណើន នៃចំនួនឃ្លាំងនិងរោងចក្រទៅតាមតំបន់នីមួយៗ ក៏ដូចជាកំណើននៃលំនៅដ្ឋានតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនកម្មករ កម្មការនី ដែលមានប្រាកំចំណូលថេរ ដើម្បីទិញផ្ទះជំនួសការជួលផ្ទះវិញ។
វិស័យ អចលនទ្រព្យផ្នែកបុរីតម្លៃសមរម្យ ចាប់ផ្តើមរីកចម្រើនព្រមទាំងដីឧស្សាកម្មដែលមានទីតាំងសមស្រប ដែលមានហេដ្ឋារចនាសម្ព័ន្ធបឋម ដូចជា ទឹក និងភ្លើងទៅដល់បានក្លាយជាតំបន់ ដែលមានការអភិវឌ្ឍលឿន នោះគឺជាពេលដែលវិស័យអចលនទ្រព្យកម្ពុជាចាប់ផ្តើម ក្នុងជំហានដំបូងប្រកបដោយក្តីសង្ឃឹមនិងពន្លឺចែងចាំង៕