ដោយៈរតនៈ
ភ្នំពេញៈ ជាខេត្តតូចច្រឡឹងនៅតំបន់ឆ្នេរ ខេត្តកែបបាននិងកំពុងធ្វើឲ្យរាត្រីក្នុងខេត្តនេះមានសកម្មភាព តាមរយៈការសាងសង់ផ្សាររាត្រីជាលើកដំបូង ខណៈខេត្តនេះពីមុនមកមិនដែលមានសកម្មភាពកំសាន្ត ឬលក់ដូរច្រើននៅពេលរាត្រីនោះទេ។
បច្ចុប្បន្នអាជ្ញាធរខេត្ត កំពុងជម្រុញការសាងសង់ផ្សាររាត្រីខេត្តកែប ដែលរហូតមកទល់ពេលនេះ ការសាងសង់សម្រេចបាន៧០ភាគរយហើយ ខណៈដែលខេត្តជាប់មាត់សមុទ្រមួយនេះកំពុងតែអភិវឌ្ឍន៍។
អភិបាលខេត្ត កែប លោក សោម ពិសិដ្ឋ បានប្រាប់គេហទំព័រ Propertyarea កាលពីថ្ងៃទី២ មេសាកន្លងមកថា ផ្សាររាត្រីនេះនឹងក្លាយជាកន្លែង ទាក់ទាញភ្ញៀវទេសចរណ៍សំខាន់មួយរបស់ខេត្ត។ លោកបន្តថា ការសាងសង់ក៏ជួបឧបសគ្គខ្លះផងដែរ ដោយសារតែជំងឺកូវីតព្រោះថាជាង និងកម្មករមួយចំនួនបានឈប់ ហើយអាជ្ញាធរមិនហ៊ានយកថ្មីមកព្រោះបារម្ភពីជំងឹកូវីតនេះ។
ផ្សាររាត្រីខេត្តកែប មានប្រវែង៥៣១ម៉ែត្រទីតាំង ស្ថិតនៅជិតផ្សារក្ដាម ក្នុងសង្កាត់ព្រៃធំ សាងសាង់តាមតាមលិខិតលេខ១៣៤២ សហវ.អទច ចុះថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយចំណាយទុនជិត៧០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដោយបែងចែកជាស្តង់លក់ម្ហូប ស្តង់លក់សម្លៀកបំពាក់ និងស្តង់លក់វត្ថុអនុស្សាវរីយ៍។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាមានប្រសាសន៍ថា ការសាងសង់ផ្សាររាត្រីក្នុងខេត្ត ជាប់មាត់សមុទ្រមួយនេះគឺជាកត្តាជំរុញ និងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តកាន់តែច្រើន ព្រោះក្រៅពីមកលេងសមុទ្រ និងទទូលទានក្ដាមដ៏ល្បីរបស់ខេត្តនេះហើយ ផ្សាររាត្រីក៏ជាគោលដៅមួយសម្រាប់ភ្ញៀវផងដែរ។
ទោះយ៉ាងណាលោកថា អាជ្ញាធរខេត្តត្រូវរៀបចំឲ្យផ្សារមួយនេះ ជាផ្សារទោលពោលគឺមានតែមួយ ដើម្បីងាយស្រួលដល់អតិថិជន និងងាយស្រួលដល់អាជ្ញាធរខ្លួនឯងក្នុងការគ្រប់គ្រង ជាពិសេសគឺបញ្ហាសន្តិសុខព្រោះផ្សាររាត្រីបើកនៅពេលយប់៕