ដោយ: គង់ ម៉ាលីនណា
ភ្នំពេញ: រោងចក្រកាត់ដេរមួយក្នុងខ័ណ្ឌមានជ័យ បានសម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេលពីរសប្តាហ៍ ក្រោយរកឃើញកម្មករ និយោជិតក្នុងរោងចក្រនេះមានឆ្លងជំងឺកូវីដ១៩ជិត៥០នាក់។
អភិបាលរងខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុនបានមានប្រសាសន៍ឲ្យដឹងនៅ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ ថា រោងចក្រកាត់ដេរឌីន ហាន ដែលមានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គិតមកទល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងបន្តយកសំណាកបងប្អូនកម្មករ រួមទាំងបុគ្គលិក។លោកបន្តថា “ការផ្អាកបណ្តោះអាសន្ន១៤ថ្ងៃនេះ ដើម្បីឲ្យបងប្អូនកម្មករដែលយកសំណាកនេះ គឺគ្រប់ចំនួនហើយឲ្យគាត់ធ្វើចត្តាឡីស័ក នៅឯបន្ទប់ផ្ទះជួល ឬផ្ទះរបស់គាត់នៅតាមអាស័យដ្ឋានបច្ចុប្បន្ន”។ លោកបន្តថា “កម្មករ និយោជិតទាំងអស់ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រង់ចាំលទ្ធផលដែលក្រុមគ្រូពេទ្យបានបង្ហាញថា តើកម្មកររូបណាដែលមានវិជ្ជមាន នោះគ្រូពេទ្យនឹងយកទៅព្យាបាល”។