ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ផ្សារទំនើបបែបសហគមន៍ ដែលមានឈ្មោះថា សួន អេដិន ហ្កាឌិនបាបើកដំណើរការជាផ្លូវការនៅថ្ងៃទី២១ មិថុនានេះហើយ ដើម្បីផ្តល់សេវាកម្មកំសាន្តដល់ប្រជា ពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរជាតិ។
នាយកគ្រប់គ្រងសួន អេដិន ហ្កាឌិន លោក Faz Ghotbi បានមានប្រសាសន៍ឲ្យដឹង ក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី២១ មិថុនានេះថា សួន អេដិន ហ្កាឌិន ជាសួនកំសាន្តមួយ ដែលរៀបចំនិងរចនាទៅដោយរុក្ខជាតិបៃតង ព្រមទាំងមានកន្លែងកំសាន្ត ហាងអាហារ និងភេសជ្ជៈ ព្រមទាំងហាងទំនិញចម្រុះចំនួន ២៦កន្លែង រួមបញ្ចូលទាំងរោងភាពយន្ត ក្លឹបរាត្រី និងហាងអន្តរជាតិល្បីៗផងដែរ។
សួនកំសាន្តមានលក្ខណៈចម្រុះនេះ សាងសង់ឡើងលើផ្ទៃដីសរុប ២ហិកតា ក្នុងទីក្រុងរណបថ្មី ភ្នំពេញស៊ីធីសេនធ័រ ( Phnom Penh City Center) ស្ថិតក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
លោក Faz Ghotbi បានបន្តថា ដោយសារមានបំណងចង់ឲ្យសួនកំសាន្ត អេដិន ហ្កាឌិន នេះក្លាយជាគោលដៅទេចរណ៍សំខាន់មួយក្នុងរាជធានីភ្នំពេញ។ ទើបយើងរៀបចំឲ្យមានការរៀបចំរចនាបថ ដែលមានលក្ខណៈពិសេស តាមរយៈបង្កើតទីធ្លាខាងក្រៅគ្របដណ្ដប់ដោយរុក្ខជាតិព័ណបៃតង និងប្រព័ន្ធភ្លើងចម្រុះពេលរាត្រី ដោយបង្ហាញពីភាពទាក់ទាញទាំងពេលថ្ងៃ និងពេលយប់។
លោកបន្តថា សួនកំសាន្តនេះ បង្កើតឡើងសម្រាប់បំពេញតម្រូវការមនុស្សគ្រប់វ័យ ក្នុងរយៈពេលពេញមួយថ្ងៃ ដោយអតិថិជនអាច ដើរទិញវត្ថុសិល្បៈ ផលិតផលសិប្បកម្មរបស់ខ្មែរ ការទទួលទានអាហារ ការទស្សនាភាពយន្ត និងអាចរាំកម្សាន្តនាពេលរាត្រីបានទៀតផង៕