ក្រុមហ៊ុនInternetលំដាប់យក្សរបស់ចិនដាក់ដំណើរមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួននៅតំបន់អាស៊ាន

0

ដោយៈ ប៊ី

ភ្នំពេញៈ នាយកប្រតិបត្តិក្រុមហ៊ុនTencent បានបញ្ជាក់ថា ក្រុមហ៊ុនអ៊ិនធឺណិតចិន Tencent Holdings កំពុងតែពង្រីកវត្តមានរបស់ខ្លួន នៅលើពិភពលោកនៅឆ្នាំនេះ ដោយដាកចេញនូវមជ្ឈមណ្ឌលទិន្នន័យថ្មីជាច្រើន នៅតំបន់អាស៊ាន អាស៊ី មជ្ឈឹមបូព៌ា និងអឺរ៉ុប ដើម្បីទាញយកប្រយោជន៍ ពីតម្រូវការខ្ពស់សម្រាប់វិស័យឌីជីថល ដោយសារវិបត្តិកូវីដ១៩។

លោកPoshu Yeung អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Tencent Cloud International បានថ្លែងប្រាប់កាសែត SCMP នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ថា “ឆ្នាំនេះ យើងនឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត (Clould) នៅទូទាំងពិភពលោក”។​លោកបានបន្តថា “ខ្ញុំនឹងមិនបង្ហាញពីចំនួន និងពេលវេលាជាក់លាក់នោះទេ ប៉ុន្តែខ្ញុំអាចបង្ហាញថា វានឹងមានកំណើនពី៣០ ទៅ៥០ភាគរយទៀត ទាក់ទងនឹងចំនួនមជ្ឈមណ្ឌលទិន្នន័យ”។

នៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Tencent បានបង្ហាញមជ្ឈមណ្ឌលទិន្នន័យថ្មីមួយ នៅហ្សាការតា ដែលជាមជ្ឈមណ្ឌលដំបូងរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអាស៊ាន ហើយមជ្ឈមណ្ឌលមួយផ្សេងទៀត គ្រោងនឹងដំណើរការក្នុងរយៈពេលពីរបីខែទៀត។

លោកYeung បាននិយាយបន្តថា ក្រុមហ៊ុនបានជ្រើសរើសប្រទេសឥណ្ឌូនេស៊ី ពីព្រោះ​ប្រទេសនេះជា “ទីផ្សារមួយដែលមានការរីកលូតលាស់លឿនបំផុត នៅក្នុងតំបន់” ដែលប្រជាជនបានទទួលយកការផ្លាស់ប្តូរឌីជីថល ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ជាពិសេសនៅក្នុងសេវាកម្មហិរញ្ញវត្ថុនិងរដ្ឋាភិបាល។

នៅពេលដែលទីតាំងទី២ដាក់ដំណើរការ វាគឺជាលើកទីមួយហើយ ដែលក្រុមហ៊ុន Tencent បើកដំណើរការមជ្ឈមណ្ឌលទិន្នន័យចំនួនពីរ នៅក្នុងទីផ្សារតែមួយក្នុងរយៈពេលតែមួយឆ្នាំ។

លោកបានបន្ថែមថា “វាបង្ហាញថាតើយើងពង្រីកខ្លួនលឿនប៉ុណ្ណា ហើយយើងមានតម្លៃប៉ុន្មានចំពោះប្រទេសឥណ្ឌូនេស៊ី…និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល”។

ការជំរុញការពង្រីកខ្លួនរបស់ក្រុមហ៊ុន Tencent នៅក្រៅប្រទេសនេះ ធ្វើឡើង នៅពេលការប្រកួតប្រជែងកាន់តែខ្លាំងឡើងទាំងក្នុង និងក្រៅស្រុកចំពោះបច្ចេកវិទ្យា Cloud។អ្នកផ្តល់សេវាកម្មកំពុងប្រញាប់ប្រញាល់ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់បច្ចេកវិទ្យា ដែលគាំទ្រដល់ការងារពីចម្ងាយ និងសិក្សាតាមប្រព័ន្ធអនឡាញ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ការកម្សាន្តតាមអ៊ិនធឺណិត និងសេវាកម្មតាមអ៊ិនធឺណិតផ្សេងទៀត។

ទីផ្សារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាCloud របស់ចិនបានកើនឡើង៦៦ភាគរយ ដែលមានទំហំទឹកប្រាក់១៩ពាន់លានដុល្លារ កាលពីឆ្នាំ២០២០ ខណៈទីផ្សារពិភពលោកកើនឡើង៣៣ភាគរយ ដល់១៤២ពាន់លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនវិភាគ Canalys៕

LEAVE A REPLY

Please enter your comment!
Please enter your name here