ដោយៈ ប៊ី
កំពង់ស្ពឺៈ រដ្ឋបាលខេត្តកំពង់ស្ពឺ បានត្រួតពិនិត្យកន្លែងសំរាប់ត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលកើតជំងឺកូវីដ១៩។ នេះបើយោងតាមប្រសាសន៍របស់លោកវី សំណាងអភិបាលខេត្តកំពង់ស្ពឺ។

នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោកវ៉ី សំណាងបានអញ្ជើញដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ ចុះត្រួតពិនិត្យកន្លែងត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ (covid 19) ។

-->
ទីតាំងនេះ ស្ថិតនៅក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលជាសំណង់របស់អ្នកបច្ចេកទេសសាងសង់ ទំនប់តាសាលជនជាតិឥណ្ឌា មានផ្ទៃដី១០ហិកតា មានអាគារសរុប២៤អាគារ ដែលមានសមត្ថភាព អាចផ្ទុកអ្នកជំងឺបានប្រហាក់ប្រហែល១០០នាក់។

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន៦ ៣៨៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន៥ ៨៤៦នាក់ អ្នកជាសះស្បើយចំនួន២ ៤៧៦នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៣៨៦៥នាក់ អ្នកស្លាប់ចំនួន៤៣នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕