ដោយៈ ប៊ី
ភ្នំពេញៈ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ ទី១៩ ខែមេសាកន្លងមកនេះថា ពិភពលោកអាចគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩បាន ដោយប្រើប្រាស់រយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើធនធានចាំបាច់ត្រូវបានចែកចាយដោយស្មើភាព។ នេះបើយោងតាមករចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
កុមារី Greta Thunberg សកម្មជនបំរែបំរួលអាកាសធាតុសកលលោក ដែលចូលរួមក្នុងសន្និសីទកាសែតនេះ ក្នុងនាមជាភ្ញៀវពីប្រទេសស៊ុយអែត តាមរយៈប្រព័ន្ធវីដេអូ Conference បានវាយប្រហារលើ “ការចាក់វ៉ាក់សាំងជាតិនិយម” ហើយបាននិយាយថា វាមិនសមហេតុផលទេ ដែលប្រទេសអ្នកមាន កំពុងផ្តល់អាទិភាពដល់ពលរដ្ឋវ័យក្មេងរបស់ពួកគេ ជាជាងការផ្តល់វ៉ាក់សាំងដល់ក្រុមងាយរងគ្រោះ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ចំណែកប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus មានប្រសាសន៍ថា“ យើងមានឧបករណ៍ ដើម្បីធ្វើឱ្យជំងឺរាតត្បាតនេះឱ្យស្ថិតក្នុងការគ្រប់គ្រងក្នុងរយៈពេលប៉ុន្មានខែ ប្រសិនបើយើងអនុវត្តវាឱ្យបានជាប់លាប់ និងប្រកបដោយសមធម៌”។
ទោះយ៉ាងណា លោកក៏បានសម្តែងការព្រួយបារម្ភចំពោះ “អត្រាប្រកាសអាសន្ន” ដែលកូវីដ១៩ កំពុងរីករាលដាលដល់អ្នកដែលមានអាយុពី២៥ ដល់៥៩ឆ្នាំ នៅទូទាំងពិភពលោក ដែលអាចបណ្តាលមកពីកូវីដ១៩ ក្លែងខ្លួនថ្មី។
លោកបានថ្លែងថា “ជំងឺកូវីដ១៩ ចំណាយពេល៩ខែ ដើម្បីធ្វើឱ្យមនុស្សស្លាប់១លាននាក់ រយៈពេល៤ខែមនុស្សស្លាប់២លាននាក់ និង៣ខែ នឹងមានមនុស្សស្លាប់ឈានដល់៣លាននាក់”។
កុមារី Thunberg បាននិយាយថា មនុស្សម្នាក់ក្នុងចំណោម៤នាក់ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈមានតែមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាង៥០០នាក់ នៅក្នុងប្រទេសក្រីក្របានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។
កុមារីរូបនេះបានថ្លែងថា “វ៉ាក់សាំងជាតិនិយមគឺជាបញ្ហា ដែលកំពុងធ្វើឱ្យដំណើរការចែកចាយវ៉ាក់សាំង មិនមានភាពស្មើគ្នា។ រឿងត្រឹមត្រូវខាងសីលធម៌តែមួយគត់ដែលត្រូវធ្វើ គឺផ្តល់អាទិភាពដល់ប្រជាជន ដែលងាយរងគ្រោះបំផុត មិនថាពួកគេរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬប្រទេសដែលមានប្រាក់ចំណូលទាបនោះទេ”៕