បណ្ឌិតឈាង វណ្ណារិទ្ធៈ អំឡុងប្រធានអាស៊ានឆ្នាំក្រោយ កម្ពុជាគួរជំរុញរុស្ស៊ីឱ្យផ្តោតសំខាន់លើវិស័យសំខាន់ៗចំនួន៥

0

ដោយៈ ប៊ី

ភ្នំពេញៈ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានលើកឡើងថា ក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-រុស្ស៊ី និងប្រធានអាស៊ានឆ្នាំក្រោយ កម្ពុជាគួរជំរុញរុស្ស៊ីឲ្យផ្តោតសំខាន់លើវិស័យសំខាន់ៗចំនួន៥។

លោកបណ្ឌិតឈាង វណ្ណារិទ្ធប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងកាលពីដើមសប្តាហ៍នេះថា វិស័យទី១ ទាក់ទងនឹងក្របខណ្ឌទំនាក់ទំនងភាពជា ដៃគូអាស៊ាន-រុស្ស៊ី។ មានវិស័យសំខាន់ៗមួយចំនួន ដែលរុស្ស៊ីអាចនឹងជួយដល់តំបន់នេះ ជាពិសេសក្នុងបរិបទនៃការងើបឡើងវិញ ក្រោយវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយធ្វើយ៉ាងណាឲ្យការងើបឡើងវិញនៃសេដ្ឋកិច្ចនេះ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពបៃតង។

នេះជាអ្វីដែលអាស៊ានកំពុងតែខំប្រឹងធ្វើ និងសង្ឃឹមថាដៃគូពិភាក្សារបស់អាស៊ាន ដែលរួមទាំងរុស្ស៊ីផង នឹងជួយដល់ផែនការនៃការស្ដារឡើងវិញ នៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ-១៩នេះ។

វិស័យទី២ ទាក់ទងនឹងវិស័យថាមពល។ យើងឃើញថារុស្ស៊ី គឺជាប្រទេសមួយដែលមានផ្នែកថាមពល និងបទពិសោធន៍ច្រើនទៅលើវិស័យនេះ ដូច្នេះវាអាចពង្រឹងនូវទំនាក់ទំនងអាស៊ាន-រុស្ស៊ីក្នុងវិស័យសន្តិសុខ និងថាមពលបន្ថែមទៀត។ វិស័យទី៣ ទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងការវិនិយោគ យើងឃើញថាការតភ្ជាប់តំបន់អាស៊ី-អ៊ឺរ៉ុប និងតំបន់អាស៊ានអាច នឹងជួយផ្ដល់ឲ្យគ្នាទៅវិញទៅមក នូវសក្ដានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ។

វិស័យទី៤ ទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិដែលរុស្ស៊ីក៏មានតួនាទីសំខា​ន់ដែរ ធ្វើយ៉ាងណាដើម្បីជួយពង្រឹងនូវស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ជាពិសេសសម្ថតភាពក្នុងវិស័យការពារជាតិ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី (Non-Traditional Challenges) ដូចជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាភេរវកម្ម និងបញ្ហាគ្រោះមហន្តរាយជាដើម។

វិស័យទី៥ យើងឃើញថា រុស្ស៊ីគួរគាំទ្រនូវតួនាទីរបស់អាស៊ាន​ នៅក្នុងការដោះស្រាយបញ្ហាភូមា ព្រោះថាបច្ចុប្បន្ននេះ ប្រហែលជាមានតែអាស៊ាន ដែលជាអង្គការតំបន់មួយទេ ដែលអាចមានឱកាស ឬលទ្ធភាពណាមួយ ដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយនៅក្នុងប្រទេសភូមានេះ។

លោកឈាង វណ្ណារិទ្ឋបានបន្តថា យើងឃើញថា កន្លងទៅនេះ រុស្ស៊ីបានគាំទ្រដោយបើកចំហនូវរដ្ឋាភិបាលយោធា ដែលបានធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ កន្លងទៅនេះ ហើយវាអាចផ្ដល់ជាសញ្ញាមួយមិនល្អ ដែលជាការព្រួយបារម្មណ៍ដល់អាស៊ានទាំងមូល។ ដូចនេះ ដើម្បីពង្រឹងនូវការយោគយល់គ្នាទៅវិញទៅមក ដៃគូយុទ្ធសាស្រ្តអាស៊ាន-រុស្ស៊ី ភាគីរុស្ស៊ីគួរតែគាំទ្រនូវតួនាទី របស់អាស៊ាននៅក្នុងការដោះស្រាយបញ្ហាភូមានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here