ដោយៈគង់ សូរិយា
ភ្នំពេញៈ គំរោងអភិវឌ្ឍន៍សំខាន់ៗចំនួន៤ បាននិងកំពុងបន្តដំណើរការសាងសង់ នៅក្នុងខេត្តកែប ទោះបីស្ថិតក្នុងវិបត្តិកូវីដ១ ដែលគេរំពឹងថា ខេត្តនេះនឹងពង្រីកបាននូវសក្តានុពលបន្ថែមទៀត ក្រោយពេលវិបត្តិនេះបញ្ចប់។
អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានចុះពិនិត្យវឌ្ឍនភាពនៃគំរោងទាំងនោះបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បើទោះបីស្ថិតក្នុង ដំណាក់កាលរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ខេត្តនៅបន្តគម្រោងអភិវឌ្ឍន៍តាមផែនការដដែល ដោយគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់ខេត្ត បាននិងកំពុងដំណើរការសាងសង់យ៉ាងមរមាញឹក ដូចជា គម្រោងផ្សាររាត្រី(ខាងត្បូងផ្សារក្តាម) កំពុងផែរទេសចរណ៍កោះទន្សាយ កំណាត់ផ្លូវអ៊ុតកៅស៊ូ AC ,ផ្លូវDBST និងផ្លូវបេតុងជាច្រើនខ្សែនៅទូទាំងខេត្ត ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២នេះ គឺជាគម្រោងទីលានចាក់សម្រាម ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោកបន្ថែមថា “ការដ្ឋានសាងសង់ទីលានចាក់ សម្រាមទំហំ៨ហិចតានេះ នឹងជួយឱ្យ ខេត្តកែប មានទីតាំងទុកដាក់សម្រាមប្រកបដោយស្តង់ដា និងអាចគ្រប់គ្រងបរិស្ថានបានកាន់តែល្អប្រសើរ ក្នុងការកែលម្អរសោភ័ណភាពខេត្ត និងរក្សាបាននូវ និរន្តរភាពបរិស្ថាន ជាខេត្តដែលមាន ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។
លោកសោម ពិសិដ្ឋបានបញ្ជាក់ថា “ដើម្បីបំពេញសម្បទាជាខេត្ត គោលដៅទេសចរណ៍សម្រាកលំហែរប្រណីតកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកែប បានធ្វើការយ៉ាងជិតស្និតជាមួយគណ:កម្មការអន្តរក្រសួង ក្នុងការកសាងផែនការ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំជាបន្តបន្ទាប់ ដើម្បីជាត្រីវិស័យឆ្ពោះទៅការអភិវឌ្ឍខេត្តប្រកបដោយចិរភាព និងនិរន្តភាព សំដៅទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោក”។
ប្រធានសាងសង់គម្រោងទីលាន ចាក់សម្រាម នៅខេត្តកែប លោក ទិត្យ ទីគា បានអោយដឹងថា គម្រោងសាងសង់ទីលាននេះ បានដំណើរការតាំងពីចុងខែឧសភា ឆ្នាំ២០២០មកម្លេះ រហូតមកដល់ពេលនេះ គម្រោងសាងសង់សម្រេចបាន៧៥%ហើយ ។ លោកបន្ថែមថា ជំហានទីមួយ គឺធ្វើការសាងសង់ផ្លូវបេតុង ប្រវែង៣៥០០ម៉ែត ទទឹង ៧ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ។
ជំហានទី២ គឺសាងសង់ អាងស្ទុកសម្រាមចំនួន៣ មកដល់ពេលនេះសម្រេចបានបីអាងហើយ ក្រៅពីនេះមានការងារសាងសង់អាគារញ៉ែកសម្រាម អគារបុគ្គលិក និងការអ៊ុតកៅស៊ូបាតអាងស្តុកសម្រាមផងដែរ ។ លោកប្រធានគម្រោងបញ្ជាក់ថា គម្រោងសាងសង់ទីលានចាក់សម្រាមនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខ ហើយគ្រោងសាងសង់រួចទីលាននេះ និងអាចស្ទុកសម្រាមបានរយៈពេល២០ឆ្នាំ៕