ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)បានជំរុញឲ្យអាជ្ញាធរខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ឋពង្រឹងស្តង់ដាអនាម័យ និងសេវាបដិសណ្ឋារកិច្ចឲ្យបានល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
លោកស្រី ឆាយ ស៊ីវលីន ប្រធាន CATA បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា សណ្ឋាគារនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនដូចជា ខេត្តសៀមរាប ព្រះសីហនុជាដើម មានសេវាបដិសណ្ឋារកិច្ចល្អប្រសើរហើយ ពិសេសសណ្ឋាគារកម្រិតផ្កាយ៤និងផ្កាយ៥ ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែងជាដើម មិនទាន់បានពង្រឹងបទដ្ឋានអនាម័យ និងគុណភាពបដិសណ្ឋារកិច្ចល្អប្រសើរនៅឡើយទេ។
-->

លោកស្រីបន្តថា “ដោយសារមានបញ្ហាបែបនេះ ទើបយើងមិនអាចរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់ខេត្តទាំងនោះបានទេ ព្រោះវានឹងធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍មិនល្អ និងខូចដល់កញ្ចប់ទស្សនកិច្ចរបស់យើង”។ លោកស្រីបន្តថា “អាជ្ញាធរខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ឋ គួរពិចារណាឲ្យបានច្រើនពីចំណុចនេះ ទាំងអនាម័យ បញ្ហាសំរាម និងបញ្ហាជាច្រើនទៀត ដែលមិនទាន់មានការយកចិត្តទុកដាក់នៅឡើយ”។
លោកស្រីបន្តថា ការពង្រឹងស្តង់ដាអនាម័យ បដិសណ្ឋារកិច្ចល្អប្រសើរ នឹងធ្វើឲ្យខេត្តទាំងនោះទទួលបានភ្ញៀវទេសចរកាន់តែច្រើន ហើយវានឹងផ្តល់ចំណូលដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគក្នុងវិស័យនេះប្រកបដោយនិរន្តរភាព។

សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍ លោក លូ ម៉េង បានមានប្រសាសន៍ស្រដៀងគ្នាថា បញ្ហាសំរាម ជារឿងធំមួយដែលយើងត្រូវដោះស្រាយទាំងអស់គ្នា ហើយប្រជាពលរដ្ឋ ពិសេសអ្នកវិនិយោគក្នុងវិស័យនេះ គួរយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុត។ លោកបន្តថា ភ្ញៀវទេសចរអន្តរជាតិមកពីអាស៊ី និងពីបណ្តាប្រទេសនានាក្នុងទ្វីបអឺរុប ពួកគេតែងតែខ្លាចរអា នៅពេលឃើញសំរាមរាយប៉ាយ ពាសវាលពាសកាលនៅតាមដងផ្លូវនិងរមណីយដ្ឋាននានា។
លោកបន្តថា “បញ្ហាសំរាមគួរជាអាទិភាពមួយ ហើយប្រជាពលរដ្ឋកម្ពុជាសូមចូលរួមថែររក្សាអនាម័យ និងកុំបោះចោលសំរាមពាសវាលពាសកាល ហើយសូមចាត់ទុកនេះជាបញ្ហារបស់យើងទាំងអស់គ្នា”។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា វិស័យទេសចរណ៍ជាវិស័យដែលត្រូវមានការចូលរួមពហុវិស័យ ព្រោះក្រសួងទេសចរណ៍មិនអាចធ្វើបានជោគជ័យនោះទេ ប្រសិនជាគ្មានការសហការចូលរួមពីក្រសួងពាក់ព័ន្ឋ ពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ។ លោកបន្តថា បញ្ហាសំរាម និងអនាម័យជាកង្វល់របស់យើង ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ទាំងអស់គ្នា។ លោកបន្តថា “សូមទាំងអស់គ្នារួមគ្នាគិត រួមធ្វើនិងរួមដោះស្រាយទាំងអស់គ្នា ទើបយើងអាចសម្រេចបាននូវគោលដៅរបស់យើង”៕