ទីផ្សារលំនៅដ្ឋានចាក់បញ្ចូលឈាមថ្មីកាន់តែច្រើន ខណៈតម្រូវការនៅតែមាន

ចែករំលែក

ដោយៈគង់ សូរិយា
ភ្នំពេញៈ ទីផ្សារលំនៅដ្ឋាននៅម្ពុជា បានចាក់បញ្ចូលឈាមថ្មី(អ្នកវិនិយោគបរទេស)កាន់តែច្រើន ខណៈតម្រូវការនៅតែត្រូវបានគេមើលឃើញថា នៅតែរក្សាបានកំនើនល្អប្រសើរនាពេលអនាគត។

បច្ចុប្បន្នអ្នកវិនិយោគគជនជាតិចិន កូរ៉េ ជប៉ុនកាន់តែច្រើន បានចាប់យកឳកាសពីការរីកចម្រើនលើលំនៅដ្ឋានជាប់ដី ដោយសារពួកគេមើលឃើញថា តម្រូវការកើនឡើង ស្របពេលសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកម្ពុជា នឹងមានភាពល្អប្រសើរឡើងវិញ ក្រោយវិបត្តិកូវីដ១៩បញ្ខប់។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២២ មេសានេះថា សម្រាប់ការទិញលក់លំនៅដ្ឋាន អចលនទ្រព្យនៅតែបន្តមាន ដោយមិនមានការបាត់បង់ទំនុកចិត្ត ដោយសារវិបត្តិកូវីដនេះឡើយ ព្រោះពួកគេនៅតែមើលឃើញថា ទីផ្សារនឹងបន្តរីកចម្រើននាពេលអនាគត។

លោកស្រីបន្តថា “ជាមួយនឹងសុទិដ្ឋិនិយមនេះ អ្នកវិនិយោគបរទេសកនា់តែច្រើនបានហក់ចូលមកក្នុងវិស័យលំនៅដ្ឋាននេះ ខណៈទីផ្សារបច្ចុប្បន្នហាក់មានបញ្ហា ប៉ុន្តែក្រោយពេលវិបត្តិបញ្ចប់ អ្វីៗនឹងមានភាពល្អឡើងវិញមិនខាន”។

លោកស្រីអាន សុធីតាបានបន្តទៀតថា ការរីកចម្រើនវិស័យអចលទ្រព្យ ពិសេសលំនៅដ្ឋាននឹងនៅបន្តរយៈពេលវែងបន្ថែមទៀត ប៉ុន្តែបើសួរថាការវិនិយោគផ្នែកលំនៅ ដ្ឋានចំណេញខ្ពស់ឬយ៉ាងណា វាអាស្រ័យលើម្ចាស់គំរោងនិមួយៗថា តើទិញដីបានតម្លៃល្អឬយ៉ាងណា បើទិញដីបានតម្លៃល្អ ពួកគេអាចចំណេញច្រើន ប៉ុន្តែអ្នកអភិវឌ្ឍន៍ខ្លះក៏លក់ចំណេញទាប ដើម្បីកសាងកេរ្ត៍ឈ្មោះរបស់ពួកគេផងដែរ។

លោកស្រីបន្តថា “ហេតុនេះការវិនិយោគបុរី លំនៅដ្ឋាននានារបស់ជនបរទេស ជាការធ្វើឲ្យទីផ្សារនេះកាន់តែមានភាពរីកចម្រើន និងមានទំនុកចិត្ត”។

ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ថា ការរីកចម្រើននៃសេដ្ឋកិច្ច កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យទីផ្សារនេះមានភាពរីកចម្រើន ដែលមានបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានបានមកសិក្សា និងដកស្រង់បទពិសោធន៍ពីសមាគមផងដែរ។

លោកបន្តថា “ការរីកចម្រើនវិស័យនេះ បានធ្វើឲ្យអ្នកវិនិយោគបរទេសបានចាប់យកចំណែែកទីផ្សារបុរី លំនៅដ្ឋាននៅកម្ពុជាផងដែរ ប៉ុន្តែនេះជានិន្នាការធម្មតាសម្រាប់ប្រទេស ដែលមានគោលនយោបាយបើកចំហដូចជាកម្ពុជា”៕


ចែករំលែក