ដោយៈ ប៊ី
បាងកកៈ អ្នកឯកទេសខាងផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn លោកវេជ្ជបណ្ឌិតYong Poovorawan បាននិយាយនៅលើបណ្តាញសង្គម Facebook ថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinovac អាចផ្ដល់ភាពស៊ាំ ដែលមានសមត្ថភាពរហូតដល់៩៩.៤ភាគរយប្រឆាំងនឹងជំងឺ បន្ទាប់ពីការចាក់រួចលើកទី២បានមួយខែ។
នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត Yong Poovorawan លើកឡើងដូចខាងលើ ដោយយោងលើការសិក្សាស្រាវជ្រាវមួយ ដោយសាកលវិទ្យាល័យ Chulalongkorn និងមន្ទីរពេទ្យទូទៅ Banphaeo នៅខេត្តសាមុត សាខន (Samut Sakhon) អំពីប្រព័ន្ធភាពស៊ាំរបស់មនុស្ស មុន និងក្រោយពេលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 របស់ Sinovac ពីរដូស ដោយដូសទីពីរចាក់ក្រោយដូចទីមួយ៣សប្តាហ៍។
លោក Yong Poovorawan បានថ្លែងថា “យើងបានរកឃើញថា ប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ មានការកើនឡើងខ្លាំង នៅពេលបានទទួលការចាក់វ៉ាក់សាំង។ មួយខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ ប្រព័ន្ធភាពស៊ាំ បានកើនឡើងប្រហាក់ប្រហែលនឹង ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ដែលបានឆ្លងវីរុសនេះ ហើយជាសះស្បើយវិញ បានរយៈពេល ៤-៨សប្តាហ៍”។