ស្ថាប័ន​ជាតិ អន្តរជាតិ​ទទួល​ស្កាល់​ថា​វិស័យ​អចលនទ្រព្យ​ជា​កំលាំងចលករ​ជួយ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​ងើប​ឡើងវិញ​លឿន

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ អន្តរជាតិ និង​អ្នកវិភាគ​សេដ្ឋកិច្ច​បានទទួល​ស្តា​ល់ថា វិស័យ​អចលនទ្រព្យ​កំពុង​ដើរតួនាទី​កាន់តែ​សំខាន់ ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​ងើបឡើង​វិញ។

យោងតាម​របាយការណ៍​ផ្លូវការ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំ​នៅ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១កន្លងមក​បានបញ្ជាក់​ថា ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវបាន​រំពឹងថា នឹង​អាច​កើនឡើង​ក្នុង​រង្វង់​ប្រមាណ៤ភាគរយ​នៅក្នុង​ឆ្នាំ២០២១នេះ វិស័យ​អចលនទ្រព្យ​ដែល​កំពុង​ជាប់គាំង នៅពេល​បច្ចុប្បន្ន​អាច​នឹងមាន​ស្នទុះ​ងើបឡើង​វិញ​បន្តិច បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០២០កន្លងទៅ។

របាយការណ៍​ដដែល​បាន​បន្តថា “វិស័យ​អចលនទ្រព្យ​កម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​ងើបឡើង​វិញ ពី​ការធ្លាក់ចុះ​កាលពី​ឆ្នាំមុន ដោយមាន​និន្នាការ​ស្រដៀង​គ្នា​ទៅនឹង​ឧស្សាហកម្ម​សំណង់ ខណៈដែល​វិស័យ​ដទៃទៀត​ភាគច្រើន ក៏មាន​ការ​ងើប​ឡើងវិញ​បន្តិច​ផងដែរ” ។

វិស័យ​ដែល​នឹង​ងើប​ឡើងវិញ​នី​ឆ្នាំនេះ មានដូចជា វិស័យ​សេវាកម្ម​នឹង​អាច​ស្ទុះ​ងើបឡើង​វិញ​ក្នុង​ល្បឿនយឺតៗប្រមាណ ៣,៣ភាគរយ ក្នុង​ឆ្នាំ២០២១ ទៅ ៦,២ភាគរយ​ក្នុង​ឆ្នាំ២០២២ ។ ដោយឡែក​វិស័យ​កសិកម្ម ត្រូវបាន​រំពឹងថា​នឹង​កើនឡើង១,៣ភាគរយ ក្នុង​ឆ្នាំ២០២១ និង១,២ភាគរយ​ក្នុង​ឆ្នាំ២០២២ ដោយមាន​ការកើនឡើង នៃ​ផលិតកម្ម​កសិផល​បន្ទា​ប់​ពី​រង​ការខូចខាត ដោយ​ទឹកជំនន់​កាលពី​ឆ្នាំមុន ការបន្ត​កំណើន​វារីវប្បកម្ម និង​ការ​ហក់​ឡើង​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ជាមួយគ្នានេះ លោក​វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់បាន​មានប្រសាសន៍ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​ត្រូវបាន​ចាត់ទុកជា​ចន្ទល់​ដ៏​រឹងមាំ របស់​កម្ពុជា​ក្នុង​ការគាំទ្រ​សេដ្ឋកិច្ច ក្នុងអំឡុងពេល​នៃ​ការធ្លាក់ចុះ​ដោយសារតែ​វិបត្តិ​កូ​វីដ១៩ ។

លោក​បន្តថា “វិស័យ​សំណង់ និង​អចលនទ្រព្យ​បានរួម​ចំនែក បង្រួម​ការធ្លាក់ចុះ​សេដ្ឋកិច្ច​កាលពី​ឆ្នាំ២០២០កន្លងមក” ។

លោក​វ​ង្សី វិស្សុត​បាន​បញ្ជាក់ថា “ជា​គោល​យោ​បាយ​ត្រូវ​ថែទាំ​វិស័យ​ទាំងនេះ ដោយសារតែ​វិស័យ​ទាំង២នេះ ជា​ចន្ទល់​សេដ្ឋកិច្ច​មួយ​នៅពេល​មាន​វិបត្តិ។ រដ្ឋ​ក៏មាន​គោលនយោបាយ មិន​យកពន្ធ​ចំពោះ​អចលនទ្រព្យ​ក្រោម៧ម៉ឺន​ដុល្លារ ដូច្នេះ​ការលក់ដូរ​អចលនទ្រព្យ​តម្លៃ​ក្រោម៧ម៉ឺន​ដុល្លារ​កើនឡើង។ ចំណែកឯ​វិស័យ​ខុន​ដូ និង​ផ្ទះ​មានតម្លៃ​ថ្លៃ​ធ្លាក់ចុះ​បន្តិច” ។

ចំណែក​លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​លើកឡើងថា វិស័យ​អចលនទ្រព្យ និង​សំណង់ រួមជាមួយ​នឹង​វិស័យសំខាន់ៗជាច្រើន នឹង​រួមចំណែក​ស្តារ​សេដ្ឋកិច្ចកម្ពុជា ឱ្យ​ងើប​ឡើងវិញ​បាន​ឆាប់រហ័ស។

លោក​បណ្ឌិត​បានបញ្ជាក់​ថា “យើង​ទទួលស្គាល់ថា វិស័យ​អចលនទ្រព្យ​គឺជា​ចលករ​មួយ​យ៉ាងសំខាន់ ក្នុងការ​គាស់​ឱ្យមាន​កំណើន និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​បាន​យ៉ាង​ល្អប្រសើរ” ។លោក​បន្តថា “ប៉ុន្តែ​ការរួមចំណែក​ពី​វិស័យ​ពាក់ព័ន្ធ​ផ្សេងទៀត​ដូចជា វិស័យ​សេវាកម្ម វិស័យ​ឧស្សាហកម្ម និង​ការវិនិយោគ​ក្រៅប្រទេស​ដោយផ្ទាល់​ផងដែរ។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ចម្បង​នៅពេលនេះ គឺ​វិបត្តិ​ជំងឺ​កូ​វីដ​នៅ​បន្ត​រំខាន ដែល​គួរឱ្យ​ព្រួយបារម្ភ​បំផុត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here