ដោយៈសុខុម
ភ្នំពេញ: ក្រុមហ៊ុនមេធាវីអន្តរជាតិ DFDL បានជួយផ្ដល់ប្រឹក្សាដល់ក្រុមអ្នកទទួលសេវាឥណទាន ឬប្រាក់កម្ចីដោយផ្អែកតាមលក្ខខណ្ឌ នៃច្បាប់ក្នុងស្រុកនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ទាក់ទិននឹងគ្រឹះស្ថានផ្ដល់សេវាឥណទានដំបូងបង្អស់របស់ក្រុមហ៊ុន Grab។ នេះបើយោងតាមគេហទំព័រ law.asia ចុះផ្សាយកាលពីថ្ងៃទី២៨ មេសា។
ក្រុមហ៊ុនGrab ដែលយើងស្គាល់ថា ជាក្រុមហ៊ុនផ្ដល់សេវាហៅតាក់ស៊ីតាម App ទូរស័ព្ទបានសម្រេចចិត្ត បង្កើនទុនសម្រាប់គ្រឹះស្ថានផ្ដល់សេវាឥណទាន របស់ខ្លួនដល់២ពាន់លានដុល្លារអាមេរិក ដោយសារទទួលបានការចាប់អារម្មណ៍ កាន់តែច្រើនពីបណ្ដាវិនិយោគិនថ្មីៗ។

-->
ក្រុមមេធាវីអន្តរជាតិនេះ បានដឹកនាំដោយលោក Martin Desautels ជាដៃគូសហការនៅក្រុងហូជីមិញ និងលោក William Greenlee និងលោក Nishant Choudhary ជាដៃគូសហការៅក្រុងយ៉ង់ហ្គូន ដោយមានការគាំទ្រពីលោកទីប្រឹក្សា Tan Chuan How នៅរាជធានីភ្នំពេញ និងលោកស្រីទីប្រឹក្សា Bhawna Bakshi នៅប្រទេសសិង្ហបុរី។
លោក Greenlee បានប្រាប់ទស្សនាវដ្ដី Asia Business Law Journal ថា “DFDL បានដើរតួនាទី ជាអ្នកផ្តល់ប្រឹក្សារបស់អ្នកទទួលសេវាឥណទាន សម្រាប់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ហើយបានផ្តល់ប្រឹក្សា ដល់ក្រុមអ្នកទទួលសេវាឥណទាន សម្រាប់ប្រតិបត្តិការហិរញ្ញប្បទានដ៏ធំបំផុតនៅក្នុងតំបន់មួយនេះ”។
លោកបន្តថា “យើងជួយផ្ដល់សេវាប្រឹក្សារួមមានលើផ្នែកឥណទាន កិច្ចព្រមព្រៀងធានា ការប្រឹក្សាយោបល់ស្តីពីបទប្បញ្ញត្តិ និងអនុលោមភាព និងការកាត់បន្ថយបញ្ហានានា តាមរយៈការរៀបចំឯកសារដាក់បញ្ចាំ ការព្រាងកិច្ចព្រមព្រៀងដាក់បញ្ចាំនៅគ្រឹះស្ថានផ្ដល់សេវាប្រាក់កម្ចីនេះ”។
លោក Greenlee បានបន្ថែមទៀតថា ក្រុមហ៊ុន Grab មានបំណងវិនិយោគលើការបង្កើតអាជីវកម្មរយៈពេលយូរអង្វែង សម្រាប់សេវាកម្មជាច្រើនប្រភេទ។ ដូចនេះប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ រាប់លាននាក់អាចជួយទ្រទ្រង់ ជីវភាពក្រុមគ្រួសាររបស់ពួកគេ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង ជាមួយនឹងសេវាកម្មប្រចាំថ្ងៃ ជាពិសេសអំឡុងពេលបិទខ្ទប់ក្នុងវិបត្តិកូវីដ-១៩”៕