ដោយៈ ប៊ី
ភ្នំពេញៈ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចអនុម័តដាកឱ្យប្រើប្រាស់ហើយ នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ក្រុមហ៊ុន Moderna នៅក្នុងករណីបន្ទាន់នៅថ្ងៃសុក្រសប្តាហ៍នេះថ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១។
ការចុះបញ្ជីវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ដោយ WHO ខាងលើនេះ នឹងជួយឱ្យប្រទេសនានាកាន់តែងាយស្រួល នៅក្នុងការជ្រើសរើសវ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាពសម្រាប់ពួកគេ ហើយក៏នឹងអនុញ្ញាតឲ្យកម្មវិធី COVAX របស់អន្តរជាតិធ្វើការចែកចាយវ៉ាក់សាំង ទៅកាន់ប្រទេសក្រីក្រ បានកាន់តែច្រើនបន្ថែមទៀតផងដែរ។

-->
ការអនុម័តឲ្យប្រើវ៉ាក់សាំង Moderna នៅក្នុងករណីបន្ទាន់ខាងលើនេះ គឺត្រូវបានធ្វើឡើងក្រោយពីក្រុមជំនាញ ផ្តល់ប្រឹក្សាយុទ្ធសាស្ត្រទៅលើប្រព័ន្ធភាពសុំា (SAGE) របស់ WHO បានពិនិត្យឃើញថា វ៉ាក់សាំងអាមេរិកមួយនេះមានប្រសិទ្ធភាព អាចទប់ទល់ការឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៩៤.១% ឯណោះ។
គិតត្រឹមពេលនេះ WHO បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 ចំនួន ០៥ រួចទៅហើយនោះគឺ Pfizer-BioNTEch (អាមេរិក-អាល្លឺម៉ង់), AstraZeneca (អង់គ្លេស), វ៉ាក់សាំងរបស់វិទ្យាស្ថាន Serum នៅឥណ្ឌា, និងវ៉ាក់សាំង Janssen របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson។ សម្រាប់ក្រុមហ៊ុន Moderna វិញធ្លាប់បានអះអាងថា ខ្លួនអាចនឹងផលិតបានវ៉ាក់សាំងរហូតដល់ ៣ពាន់លានដូសនៅក្នុងឆ្នាំ២០២២៕