ដោយៈ សាវុធ
ភ្នំពេញៈ ប្រជាជនខ្មែរមួយចំនួនធំ ជាពិសេសអ្នកដែលមានគ្រួសារហើយ ប្រាកដជាធ្លាប់សួរខ្លួនឯងហើយថា គួរទិញផ្ទះឬជួលផ្ទះ ការទិញផ្ទះគឺជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំមួយ ដូចនេះហើយចាំបាច់ ត្រូវគិតគូរឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តកុំឲ្យខូចការណ៍។
ថ្ងៃនេះ យើងនឹងលើកយកចំណុចខ្លះ ដើម្បីឲ្យអ្នកទាំងអស់គ្នាពិចារណាថាតើគួរទិញផ្ទះឬជួលផ្ទះៈ
ទី១) ថ្លៃទិញនិងថ្លៃជួល
ការទិញផ្ទះ ត្រូវការចំណាយហិរញ្ញវត្ថុទ្រង់ទ្រាយធំ ប៉ុន្ដែការជួលផ្ទះមិនបាច់ចំណាយលុយទាំងដុំនោះទេ។
អ្នកត្រូវថ្លឹងថ្លែងឲ្យបានច្បាស់ ពីគុណវិបិត្ត និងគុណសម្បត្តិក្នុងការទិញផ្ទះ ព្រោះវាអាចមានការប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នក។
ទី២) អត្ថប្រយោជន៍នៃការក្លាយជាម្ចាស់ផ្ទះ
ពេលដែលអ្នកបង់ផ្ដាច់ថ្លៃផ្ទះ អ្នកជាម្ចាស់កម្មសិទ្ធិ១០០ភាគរយ ហើយអ្នកមិនចាំបាច់ខ្វល់ខ្វាយរឿងរកកន្លែងនៅថ្មី ឬប្ដូរទីតាំងបន្ទាប់ពីដាច់កុងត្រាជួលផ្ទះ។
ផ្ទះគឺជាអចលនទ្រព្យ ដែលប្រជាជនខ្មែរទុកដូចជា ទ្រព្យសម្បត្តិដែលទុកយូរកាន់តែឡើងថ្លៃ កាន់តែចំណេញ។
អ្នកអាចធ្វើការជួសជុល កែច្នៃផ្ទះរបស់អ្នកបាន ដោយសេរីមិនចាំបាច់សូមការអនុញ្ញាតពីម្ចាស់ផ្ទះ។
ទី៣) គុណវិបិត្តនៃការក្លាយជាម្ចាស់ផ្ទះ
បច្ចុប្បន្ននេះ ប្រជាជនខ្មែរនិយមទិញផ្ទះ តាមរយៈការបង់រំលោះ។ ការបង់រលោះពេលខ្លះ ក៏បង្កជាផលវិបាកដល់អ្នកដែរ ដោយសារតែការប្រាក់ខ្ពស់ និងត្រូវការចំណាយ រយៈពេលយូរទម្រាំបង់ផ្ដាច់។
អ្នកត្រូវចំណាយប្រាក់សន្សំ របស់អ្នកទាំងអស់សម្រាប់ទិញផ្ទះ ពេលខ្លះត្រូវកាត់បន្ថយការចំណាយផ្ទាល់ខ្លួនទៀតផង។
ត្រូវចាំថា ពេលខ្លះអ្នកចាំបាច់ ត្រូវធ្វើការជួសជុលកន្លែងខូចខាតដូចជាតំបូល បន្ទប់ទឹក ចង្ក្រានបាយជាដើម។ ម្យ៉ាងវិញទៀត អ្នកក៏ត្រូវទិញគ្រឿងសង្ហាររឹមថ្មីៗ និងរបស់ប្រើប្រាស់ផ្សេងៗពេលរើចូលនៅ ដែលបន្ថែមពីលើការចំណាយ។
ប្រសិនបើអ្នករស់នៅជាមួយដៃគូ ហើយឈានដល់ការបែកខ្ញែកនោះការបែងចែកទ្រព្យសម្បត្តិអាចមានភាពស្មុគស្មាញ។
ប្រសិនបើផ្ទះអ្នកចុះថ្លៃ ស្របពេលដែលអ្នកចង់លក់ ដោយសារអ្នកជាប់បំណុលនោះអាចជាហានិភ័យមួយដែលគួរពិចារណា។
៤)សួរខ្លួនឯងតើអ្នកមានលទ្ធភាពទិញទេ?
ជំហានដំបូងឆ្ពោះទៅរកការទិញអចលនទ្រព្យ គឺត្រូវគិតឱ្យបានច្បាស់ថា តើអ្នកអាចទិញវាបានដែរឬទេ? ព្រោះចំនុចខាងក្រោមជាអ្វី ដែលអ្នកត្រូវចំណាយ ប្រសិនបើអ្នកទិញផ្ទះ: ប្រាក់បង់រំលោះ ឬសាច់ប្រាក់សម្រាប់ទិញផ្ទះ ថ្លៃសេវាកម្មផ្សេងៗ ពន្ធផ្ទះ ការចំណាយលើថ្លៃជួសជុលខូចខាត និងវិក្កយប័ត្រប្រចាំខែលើថ្លៃទឹកភ្លើងជាដើម៕ Spean៕