ប្រតិបត្តិការទូទាត់តាមប្រព័ន្ធឌីជីថលនៅថៃកើនទ្វេដងអំឡុងវិបត្តិកូវីដ១៩

0

ដោយៈ សុខុម

បាងកក: ធនាគារកណ្តាលថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ឧសភាថា ប្រតិបត្តិការទូទាត់តាមប្រព័ន្ធឌីជីថលនៅប្រទេសថៃ បានកើនឡើងទ្វេដងនៅក្នុងខែកុម្ភៈ បើធៀបនឹងឆ្នាំ២០២០ ដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ ដែលបានជំរុញឱ្យសេវាអនឡាញមានសន្ទុះកើនឡើងខ្លាំង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី៧ ឧសភានេះ។

ប្រទេសថៃ ចាប់តាំងពីខែធ្នូ មកបានផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ រលកទី២ ហើយដោយសារតែបែបនេះរដ្ឋាភិបាលថៃ បានបង្កើនវិធានការរឹតបន្តឹងយ៉ាងតឹងរ៉ឹង ដើម្បីទប់ការឆ្លងរាតត្បាតនេះ។

ការផ្ទុះរលកចុងក្រោយនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ កើនឡើងដល់ទៅ៣ដង ហើយករណីឆ្លងបានកើនឡើងទ្វេដងចាប់តាំងពីដើមខែមេសា មក។

ធនាគារកណ្ដាលថៃ បានគូសបញ្ជាក់ថា ចំនួនប្រតិបត្តិការទូទាត់ដែលធ្វើឡើងតាមវេទិកា PromptPay មានជាមធ្យម២២,៣លានប្រតិបត្តិការក្នុងមួយថ្ងៃក្នុងខែកុម្ភៈ បើធៀបនឹងការទូទាត់១០,៦លានប្រតិបត្តិការក្នុងមួយថ្ងៃនៅក្នុងខែដដែលក្នុងឆ្នាំ២០២០។

ធនាគារនេះបានបន្ថែមទៀតថា ការទូទាត់ប្រចាំថ្ងៃ ដែលមានអត្រាខ្ពស់បំផុតគឺមានរហូតដល់២៧,១លានប្រតិបត្តិការឯណោះ។

លោកស្រី Siritida Panomwon Na Ayudhya ទេសាភិបាលរងនៃធនាគារកណ្ដាលថៃ បានថ្លែងថា បច្ចុប្បន្នធនាគារកណ្ដាលថៃ កំពុងស្វះស្វែងភ្ជាប់សេវាទូទាត់ឆ្លងដែនតាមប្រព័ន្ធ Quick Response (QR) និងការផ្ទេរប្រាក់តាមប្រព័ន្ធ Real-time Fund Transfer (RFT) ជាមួយប្រទេសជាច្រើនទៀត ក្រោយពីបានភ្ជាប់សេវាផ្ទេរប្រាក់តាមប្រព័ន្ធ RFT ជាមួយប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ។

លោកស្រីបានបញ្ជាក់ថា ពេលនេះធនាគារកណ្តាលថៃ កំពុងចរចាជាមួយប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី សម្រាប់ការភ្ជាប់សេវាទូទាត់ឆ្លងដែនតាមប្រព័ន្ធQR។

លោកស្រីបាននិយាយថា បច្ចុប្បន្នប្រទេសថៃ មានកិច្ចព្រមព្រៀងភ្ជាប់សេវាទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR ជាមួយប្រទេសឡាវ កម្ពុជា វៀតណាម សិង្ហបុរី និងជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here